(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦ស្អែកនេះ កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» នឹងរៀបចំកម្មវិធីប្រគល់រង្វាន់ និងប័ណ្ណសរសើរដល់បេក្ខជន បេក្ខនារី ទទួលជ័យលាភីទាំង១០រូប នៅវិមានសន្តិភាព ដែលកម្មវិធីនេះមានការចូលរួមពីបេក្ខជន បេក្ខនារី អាណាព្យាបាល និងមិត្តភក្តិបងប្អូនជាច្រើននាក់។
សម្រាប់កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គទី៤ ម្ចាស់ជ័យលាភីលេខ១ បានទៅលើបេក្ខនារី ខាត់ វណ្ណា ដោយទទួលបានការគាំទ្រពីអ្នក Like បានចំនួន ២៩៦៩៣។
កម្មវិធីប្រគល់រង្វាន់ នឹងចាប់ផ្តើមនៅវេលាម៉ោង ៩ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦ នាវិមានសន្តិភាព។
ខ្ញុំជាយុវជនគំរូកម្ពុជា គឺជាកម្មវិធីពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានបង្កើតឡើងក្នុងគោលបំណង លើកទឹកចិត្ត និងគាំទ្រប្រជាពលរដ្ឋ ជាពិសេសយុវជន ដើម្បីជំរុញការកសាងអំពើល្អនៅក្នុងសង្គម និងចៀសឆ្ងាយពីគ្រឿងញឿន និងល្បែងអបាយមុខផ្សេងៗ ម្យ៉ាងវិញទៀតកម្មវិធីនេះ បានផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ និងយុវជចេះចែករំលែកទេព្យកោសល្យ ទ្រព្យធន និងស្នាដៃគំរូល្អៗដែលខ្លួនមានដល់យុវជនដ៏ទៃទៀតៗក្នុងសង្គម។
សំរាប់ជ័យលាភី ដែលផ្តល់ជូនរួមមាន បេក្ខជនារី Top-1 ខាត់ វណ្ណា ទទួលបានរង្វាន់ iPhone 6 មួយគ្រឿង សំលៀកបំពាក់កីឡា១កំប៉្លេ ថវិកា ២៤ម៉ឺនរៀល ប័ណ្ណសរសើរសម្តេចតេជោនាយករដ្ឋមន្រ្តី១ និងសំរាប់បេក្ខជនជាប់ Top-10 ទាំង៩នាក់ គឺបានទទួលបានសំលៀកបំពាក់កីឡា១កំប៉្លេ ថវិកា ២៤ម៉ឺនរៀល និងប័ណ្ណសរសើរសម្តេចតេជោនាយករដ្ឋមន្រ្តី១ផងដែរ ។
សូមជំរាបថា កម្មវិធីស្អែកនេះ ក្រោយពីបញ្ចប់ការចែករង្វាន់ជ័យលាភីរួចមក បេក្ខជន បេក្ខនារី ក៏អាចថតរូបអនុស្សាវរីយ៍ ជាមួយក្រុមគ្រួសារ ឪពុកម្តាយ បងប្អូន មិត្តភ័ក្តិ មិត្តរួមសាលា គ្រូបង្រៀន និងបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន និងបន្តដើរទស្សនាវិមានរាជរដ្ឋាភិបាលជាមួយទឹកមុខរីករាយ ប្រកបដោយមោទនៈភាពផងដែរ៕