(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានទាញការចាប់អារម្មណ៍មួយថា រាជរដ្ឋាភិបាលចំណាយថវិកាប្រមាណ២០០លានដុល្លារ ដើម្បីកសាងហេដ្ឋរចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ ហើយការវិនិយោគផ្លូវល្បឿនលឿនប្រមាណ២ពាន់លានដុល្លារ និងការកែលម្អផ្លូវជាតិលេខ៤នោះ មិនមែនដើម្បីបម្រើឲ្យឋានសួគ៌នៃល្បែងខុសច្បាប់នោះទេ។
ក្នុងកិច្ចប្រជុំណែនាំកិច្ចការប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាចំណាយទុនដ៏ច្រើននេះ ក្នុងគោលបំណងទាក់ទាញការវិនិយោគត្រឹមត្រូវ អ្នកទេសចរណ៍ត្រឹមត្រូវ ដើម្បីបានចំណូលកសាងប្រទេសជាតិទាំងមូល គឺមិនមែនតែខេត្តព្រះសីហនុនោះទេ។
សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា បទល្មើសល្បែងស៉ីសង់ខុសច្បាប់គ្រប់ប្រភេទ គឺជាជំងឺមហារីកនៃសង្គម បើមិនរួមគ្នាដោះស្រាយទេនោះ មេរោគមហារីកនេះ នឹងធ្វើឲ្យបញ្ហាសង្គមកាន់តែមានភាពស្មុគស្មាញ ហើយល្បែងស៉ីសង់ខុសច្បាប់នេះហើយ ក៏ជាដើមចមដែលនាំឲ្យមានអំពើជួញដូរមនុស្សគ្រប់ទម្រង់កើតមានឡើង នៅក្នុងប្រទេសកម្ពុជា។
ទន្ទឹមគ្នានោះ សម្ដេចក្រឡាហោម ស ខេង បានណែនាំឲ្យយកចិត្តទុកដាក់សម្រេចគោលដៅអាទិភាព៤ រួមមាន៖
*ទី១៖ សង្គ្រោះជនរងគ្រោះឲ្យបានទាន់ពេលវេលា
*ទី២៖ ខិតខំស្រាវជ្រាវមេខ្លោង និងអ្នកពាក់ព័ន្ធមកផ្ដន្ទាទោសឲ្យបានម៉ឺងម៉ាត់ និងដោយគ្មានការលើកលែង
*ទី៣៖ ត្រួតពិនិត្យប្រមូលភស្តុតាងដើម្បីបិទទីតាំងប្រព្រឹត្តបទល្មើស និងទីតាំងខុសច្បាប់
*ទី៤៖ ត្រូវពន្លាតការស្រាវជ្រាវបន្ថែមទៀត ដើម្បីរកបទល្មើសសម្អាតប្រាក់ និងបទល្មើសផ្សេងៗទៀត។
សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់ការណែនាំអំពីការសម្រេចបែងចែកការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅតាមមូលដ្ឋានភូមិ ឃុំសង្កាត់ ឲ្យរដ្ឋបាលរាជធានី-ខេត្ត ជាអ្នកទទួលខុសត្រូវ ដោយសារបទល្មើសនេះមិនពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សមនុស្ស។ ចំណែកក្រុមការងារដឹកនាំដោយ លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាអ្នកទទួលខុសត្រូវបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់៕