(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ បានចុះបង្រ្កាបទីតាំងល្បែងស៊ីសងនៅតាមទីប្រជុំជន ផ្សារ តាមហាងកាហ្វេ មានដូចជា កន្ទុយលេខ បៀ អាប៉ោង ជល់មាន់តាមប្រព័ន្ធអនឡាញហ្គេមបាញ់ត្រី និងល្បែងផ្សេងៗទៀត ក្នុងសង្កាត់ទាំង៤។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការសម្របសម្រួលពី លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ និងមានការដឹកនាំផ្ទាល់ពី លោក ស កក្កដា អភិបាលក្រុងព្រះសីហនុ ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោក ស កក្កដា អភិបាលក្រុង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ចំពោះទីតាំងល្បែងស៊ីសងនៅតាមទីប្រជុំជន ផ្សារ តាមហាងកាហ្វេ ត្រូវបានកម្លាំងសមត្ថកិច្ចចុះអនុវត្តដកហូតធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពចាប់ពីពេលនេះតទៅ។
លោកបានបន្ថែមទៀតថា ចំពោះម្ចាស់ទីតាំងដែលបើកល្បែងស៊ីសងនាពេលកន្លងមកក្រោយពីសមត្ថកិច្ចដកហូតសម្ភារៈ ក៏បានធ្វើកិច្ចសន្យាបញ្ឈប់ បើនៅលួចបន្តសកម្មភាពនេះទៀត សមត្ថកិច្ចនឹងអនុវត្តទៅតាមនីតិវិធីច្បាប់៕