(ស្ទឹងត្រែង)៖ លោកស្រី គុត ប៊ុនមី សមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងជាប្រធាន គ.ក.ស.ក ខេត្ត បានជំរុញដល់ក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្ត ត្រូវបន្តខិតខំចូលរួម គាំពារ ទប់ស្កាត់អំពើហិង្សាដែលពាក់ព័ន្ធនឹងយេនឌ័រ គ្រប់ទម្រង់ដូចជាអំពើហិង្សា ក្នុងគ្រួសារ, ការរំលោភផ្លូវភេទ ការជួញដូរស្រ្តី និងកុមារ និងស្វែងដំណោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលាពិសេសស្ត្រី ឬកុមារដែលមានជីវភាពក្សត់ខ្សោយក្រលំបាកគ្មានទីពឹង។
ការជំរុញបែបនេះ របស់លោកស្រី គុត ប៊ុនមី បានធ្វើឡើងក្នុងឱកាសបើកកិច្ចប្រជុំប្រចាំត្រីមាសទី៣ របស់ក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដើម្បីពិនិត្យពិភាក្សា លើការអនុវត្តការងារពាក់ព័ន្ធអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងពិនិត្យដំណោះស្រាយនូវរាល់បញ្ហានានាដែលនៅសេសសល់ក្នុងឆមាសទី២កន្លងមក នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ។
កិច្ចប្រជុំក៏មានការចូលរួមពីលោកស្រី សន សុខា ប្រធានមន្ទីរកិច្ចការនារីខេត្ត និងមានការចូលរួមពីសំណាក់អភិបាលរងក្រុងស្រុក កងកម្លាំងប្រដាប់អាវុធ និងតំណាងមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួន។
នាឱកាសនោះដែរ លោកស្រី គុត ប៊ុនមី បានថ្លែងថា កិច្ចប្រជុំនេះជាការស្វែងរកនូវដំណោះស្រាយល្អប្រសើរណាមួយ ក្នុងការទប់ស្កាត់ការរំលោភបំពាន ឬការប្រើប្រាស់អំពើរហិង្សាមកលើស្ត្រីគ្រប់រូបភាព និងពិនិត្យមើលឱ្យបានច្បាសលាស់អំពីការអនុវត្តការងារជាទូទៅរបស់ក្រុមការងារពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ព្រមទាំងជាការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តប្រកបដោយ ប្រសិទ្ធភាព សម្រាប់ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រនេះសម្រាប់ពេលខាងមុខបន្តទៀត។
លោកស្រី សន សុខា បានឱ្យដឹងថា កន្លងមកនេះមានបញ្ហាមួយចំនួនដែលមានការពាក់ព័ន្ធ និងការរំលោភបំពានលើស្ត្រី និងកុមារ ដែលមន្ទីរក៏ដូចជាក្រុមការងារពាក់ព័ន្ធអំពើហិង្សាទាក់ទងនឹងយេនឌ័បានទទួល ព្រមទាំងបានចុះទៅដល់កន្លែងដើម្បីធ្វើការសួសុខទុក្ខនិងជួយស្វែងរកដំណោះស្រាយជូនឱ្យបានទាន់ពេលវេលា។
លោកស្រីប្រធានមន្ទីរ បានបន្តថា សម្រាប់នៅថ្ងៃនេះរបៀបវិរៈសំខាន់ដែលក្រុមការងារនៅតែបន្តលើកឡើងពីបញ្ហារាំងស្ទះមួយចំនួន និងពិភាក្សាពីរបៀបនៃការដោះបញ្ហាជូនប្រជាពលរដ្ឋរងគ្រោះពាក់ព័ន្ធ និងការការពារផ្នែកផ្លូវច្បាប់ ការស្វែងរកមេធាវីការពារ និងពិនិត្យមើលលើករណីថ្មីដែលបានកើតឡើង។
យោងទៅលើរបាយការនៃកិច្ចប្រជុំនៅត្រីមាសទី៣ ឆ្នាំ២០២២នេះ បានបង្ហាញថានៅក្នុងត្រីមាសទី៣នេះ ក្រុមការងារពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ទទួលបានរបាយការណ៍ពាក់ព័ន្ធនិងអំពើហិង្សាលើស្ត្រី និងកុមារចំនួនករណី ៤៨ករណី ដោះស្រាយបាន ៣៩ករណី និងបន្តការដោះ៩ករណី ក្នុងនោះករណីចាស់ ០១ករណី។
គួរបញ្ជាក់ថា នៅក្នុងឆមាសទី២កន្លងមក ពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រទទួលបានរបាយការណ៍ពាក់ព័ន្ធនិងអំពើរហិង្សាលើស្ត្រី និងកុមារបានចំនួនអំពើហិង្សាក្នុងគ្រួសារសរុបចំនួន ៥៨ករណី ករណីថ្មី ៥៥ករណី ករណីចាស់ ៣ករណី (ផ្លូវកាយ ២៣ករណី, ផ្លូវចិត្ត១៧ករណី, សេដ្ឋកិច្ច៩ករណី និងរំលោភ៥ករណី)៕