(ភ្នំពេញ)៖ គិតចាប់ពីម៉ោង៣៖០០នាថ្ងៃទី១៧ ដល់វេលាម៉ោង៣៖០០ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចកម្ពុជា បានទទួលសំណើ២ករណី ដើម្បីស្វែងរកជនបរទេស ០៦នាក់។ នេះបើតាមនេះបើតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានឱ្យដឹងថា សំណើទាំង០២ករណីនេះ រួមមាន៖ ស្នើឱ្យស្វែងរកជនជាតិចិនចំនួន២នាក់ និងជនជាតិវៀតណាមចំនួន៤នាក់។
ដោយឡែកសម្រាប់ប្រតិបត្តិការកាលពីថ្ងៃទី១៧ សមត្ថកិច្ចបានរកឃើញគ្រោះជនជាតិបង់ក្លាដេស ១នាក់ នៅខេត្តបន្ទាយមានជ័យ។ សម្រាប់ករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់មុខសញ្ញា និងបន្តនីតិវិធី។
សូមបញ្ជាក់ថា ថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង បានចេញលិខិតមួយអំពាវនាវដល់សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសពាក់ព័ន្ធ បន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។
រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តប្តេជ្ញាចិត្តប្រកប ដោយឆន្ទៈមោះមុត ក្នុងការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោក-ជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងបន្តផ្តល់ការគាំពារ និងជួយសង្គ្រោះ ទាំងពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរនៅឯបរទេស និងសង្គ្រោះជនបរទេសដែលរងគ្រោះដោយអំពើជួញដូរនៅកម្ពុជានេះ៕