(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរជាង១០គ្រួសារ បច្ចុប្បន្នកំពុងជំរុញការផលិតចង្ក្រានលក់ដូរផ្គត់ផ្គង់ជីវភាព ដែលខណៈពេលនេះមិនអាចរកជួលកម្មករក្នុងភូមិ ឱ្យជួយផលិតបានច្រើន ដូចពេលមុនឡើយ ព្រោះពលរដ្ឋដែលពេញកម្លាំងភាគច្រើននៅក្នុងភូមិពួកគេ បាននាំគ្នាចេញទៅធ្វើជាកម្មករតាមរោងចក្រនានាអស់ហើយ ដោយខ្លះធ្វើនៅរាជធានីភ្នំពេញ និងខ្លះទៀតធ្វើការនៅរោងចក្រក្នុងខេត្តកំពង់ឆ្នាំង។
ស្ត្រីប្រកបរបរផលិតចង្ក្រានលក់ម្នាក់ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ទន្ទឹមនឹងការខ្វះកម្លាំងពលកម្មកម្មករ វត្ថុធាតុដើមត្រូវផលិត ពិសេសគឺដីឥដ្ឋសម្រាប់យកមកផលិតកាន់តែខ្សត់ទៅៗពិបាករក ដោយសារតំបន់មានដីឥដ្ឋ ដែលអ្នកស្រុកធ្លាប់យកកន្លងមកត្រូវបានគេលក់ដូរឲ្យក្រុមហ៊ុនឯកជនអស់ទៅហើយ។
ដោយឡែកតម្លៃចង្ក្រានដែលផលិតបានលក់ចេញមានតម្លៃ៣ប្រភេទ គឺចង្ក្រានប្រភេទលេខ១ មានតម្លៃ ពី១០,០០០ ទៅ១២,០០០រៀល ចង្ក្រានលេខ២ មានតម្លៃ ពី១៥,០០០ ទៅ២០,០០០ រៀល និងចង្ក្រានលេខ៣ មានតម្លៃពី៣០,០០០ទៅ៥០,០០ ០រៀល ដែលនេះគឺជាតម្លៃលក់បោះដុំ និងបើលក់រាយវិញអាចមានតម្លៃខ្ពស់ជាងនេះ។
បុរសម្នាក់ដែលជាអ្នកផលិតចង្ក្រានខ្នាតតូច នៅក្នុងភូមិក្តីត្នោតដែរ ក៏បាននិយាយឲ្យដឹងដែរថា ការផលិតចង្ក្រានរបស់លោកសព្វថ្ងៃក៏មានកម្មករជួយផលិត២នាក់ផងដែរ គឺផលិតតាមជំនាញដោយរាប់ចំនួនជាក់ស្ដែង គិតជាលុយប្រចាំថ្ងៃ។ ការជួលប្រចាំថ្ងៃនោះ ដូចជាការយកដីឥដ្ឋមកដាក់ក្នុងពុម្ពចាក់ជារូបរាងចង្ក្រានឡូវ១ តម្លៃ៤០០រៀល ការយកចង្ក្រានមកចិត ចោះដាក់សន្ទះ១ថ្លៃ៦០០រៀល ហើយត្រូវយកទៅដុតឱ្យឆ្អិន បន្ទាប់មកទើបច្រកចង្ក្រាន ដាក់ចូលក្នុងស្រោមដែកស័ង្កសីឲ្យក្លាយជាចង្ក្រានអាចប្រើប្រាស់បាន១ តម្លៃ៩០០រៀល។
លោកបន្តថា កម្មករជួយផលិតចង្ក្រានក្នុងម្នាក់ៗអាចរកចំណូលជាមធ្យមប្រចាំថ្ងៃបាន ពី៣ម៉ឺនទៅ៤ម៉ឺនរៀល ទៅតាមការខិតខំប្រឹងប្រែងផលិតរបស់ពួកគេ។ ដូច្នេះបើបូកសរុបថ្លៃទិញដីឥដ្ឋ ថ្លៃទិញអុស ឬអង្កាមសម្រាប់ដុត ដកថ្លៃដើមចេញទៅ ការផលិតចង្ក្រានលក់នីមួយៗ លក់ចេញអាចចំណេញបានក្នុងចន្លោះ ពី១,៥០០ទៅ ២,០០០រៀលប៉ុណ្ណោះ។
លោកបានបញ្ជាក់ឲ្យដឹងថា ទោះបីការប្រកបមុខរបរផលិតចង្ក្រានដែលជាប្រពៃណីរបស់ដូនតាខ្មែរ រកចំណូលមិនបានច្រើនសម្រាប់ធ្វើក៏ពិតមែន គឺអ្នកស្រុកក្នុងភូមិនេះនៅតែតស៊ូព្យាយាម រក្សាស្នាដៃស្មូនដីផលិតចង្ក្រានគ្រប់ប្រភេទ៕