(ភ្នំពេញ)៖ នៅវេលាម៉ោង៤រសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦នេះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានយាងត្រឡប់មកកាន់មាតុភូមិវិញ បន្ទាប់ពីបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៣ថ្ងៃ។
ព្រះរាជយាងនិវត្តន៍របស់ព្រះអង្គមកកាន់មាតុភូមិនៅពេលនេះ ឃើញមានវត្តមានស្វាគមន៍ទទួលដោយសម្តេចចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, និងសម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀតផងដែរ។
នៅក្នុងដំណើរយាងបំពេញព្រះរាជទស្សនកិច្ច ទៅកាន់ប្រទេសចិន ដែលជាមិត្តភក្តិដ៏យូរលង់និង ស្និតស្នាលបំផុតរបស់កម្ពុជានោះ សម្តេចព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុន្នី ទ្រង់ត្រូវបានទទួលស្វាគមន៍ ដោយប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងមន្ត្រីជាន់ខ្ពស់សំខាន់ៗរបស់ចិនដទៃៗទៀត ដែលទាំងនេះបានបង្ហាញពីការចង់បាននូវទំនាក់ទំនងកាន់តែស្អិតល្មួតបន្ថែមទៀត រវាងមហាមិត្តទាំងពីរ។ នេះបើតាមការចេញផ្សាយដោយស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមិថុនា ឆ្នាំ២០១៦។
នៅក្នុងជំនួបរវាងប្រមុខរដ្ឋទាំងពីរកាលពីរសៀលថ្ងៃសុក្រ លោក ស៊ី ជិនពីង បានថ្លែងទៅកាន់ ព្រះមហាក្សត្រកម្ពុជាថា ប្រទេសចិន បានធ្វើការវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព ជាមួយនឹងគ្រួសាររាជវង្សរបស់កម្ពុជា ហើយក៏នឹងបន្តការគាំទ្រដំណើរការអភិវឌ្ឍ ទៅមុខរបស់កម្ពុជាផងដែរ។
លោក ស៊ី ជិនពីង ថ្លែងដូច្នេះថា «កម្ពុជាជាអ្នកជិតខាងល្អ ដូចជាប្អូនប្រុសមួយដូច្នេះដែរ ហើយក៏ជាមិត្តល្អ ដែលប្រកបដោយភាព ស្មោះត្រង់ថែមទៀត»។
ព្រះរាជដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី០២-០៤ ខែមិថុនា ឆ្នាំ២០១៦នេះ ធ្វើឡើងតបតាមការយាងរបស់ លោក ស៊ី ជិនពីង ប្រធានាធិបតីនៃប្រទេសចិន៕