(កំពង់ធំ)៖ លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងលោកស្រី នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ ដឹកនាំមន្ត្រីរាជការក្រោមឱវាទ និងពុទ្ធបរិស័ទ ចំណុះជើងវត្ត ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តទេពនិមិត្ត ស្ថិតនៅក្នុងភូមិកំពុងរទេះ សង្កាត់កំពុងរទេះ ក្រុងស្ទឹងសែន។
ថ្លែងនាឱកាសនោះលោក ញ៉ឹក បានខេង បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំនៅក្នុងរដូវនៃពិធីបុណ្យកាន់បិណ្ឌ ប្រជាពុទ្ធបរិស័ទតែងតែរួមគ្នាធ្វើបុណ្យ ធ្វើទានតាមទីអារាម ដោយមាននាំយកនូវគ្រឿង សក្ការបូជា មានទៀនធូប ផ្កាភ្ញី បូជាចំពោះព្រះពុទ្ធអង្គ និងព្រះរតនត្រ័យ និងទេយ្យទាន មានគ្រឿងឧបភោគ-បរិភោគជាច្រើនមុខ រួមនឹងបច្ច័យយកមកប្រគេន ព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូន ជីតា ញាតិការទាំង៧សន្ដាន ដែលបានចែកឋាន ទៅកាន់បរិលោកខាងមុខ សូមឱ្យមកទទួលនូវផល្លានិសង្ឃដែលកូនចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃនាបុណ្យកាន់បិណ្ឌនេះ ឱ្យបានទៅសោយសុខ នៅទីស្ថានបរមសុខគ្រប់ៗជាតិ។
លោក ញ៉ឹក បានខេង បានបន្ថែមថា ដើម្បីមួយចំណែកនៃកុសលផលបុណ្យនេះ ក៏សូមឧទ្ទិសជូនចំពោះដូងវិញ្ញាណក្ខន្ធ អ្នកស្នេហា ជាតិគ្រប់ជំនាន់ដែលបានបូជា អាយុជីវិត ក្នុងបុព្វហេតុការពារ និងកសាងជាតិមាតុភូមិ និងប្រជាជន សូមឱ្យដួងវិញ្ញាណក្ខន្ធ អ្នកទាំងនោះចាប់ កំណើតកើតក្នុងឋាន សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
លោកបានបន្តថា ទីធ្លាវត្តអារាមបានក្លាយទៅជាទីសម្រាប់ជនទុរគតសម្រាក និងព្យាបាលជំងឺការសន្តោសរបស់ព្រះសង្ឃ ពុទ្ធសាសនា ការចូលរួមចំណែក ច្រើន ក្នុងវិស័យ សង្គមជាតិនោះបានធ្វើឱ្យព្រះពុទ្ធសាសនា កាន់តែទទួលបានការរាប់អានពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន។ ព្រះសង្ឃគឺជាស្រែបុណ្យដ៏ប្រពៃ សម្រាប់ប្រជាពលរដ្ឋផ្ញើទាន បំពេញបុណ្យកុសល ដោយជំនឿដ៏បរិសុទ្ធត្រឹមត្រូវ។
សូមជម្រាបថា នាឱកាសនោះ លោក ញ៉ឹក បានខេង និងលោកស្រី រួមទាំងមន្ត្រីក្រោមឱវាទ ក៏បានអញ្ជើញចូលរួមរាប់បាត្រ និងឧទ្ទិសកុសលផលបុណ្យទៅតាម សទ្ធារៀងៗខ្លួន។ ក្នុងពិធីកាន់បិណ្ឌវេនទី៩នេះដែរ លោក ញ៉ឹក បានខេង ក៏បាននាំយកថវិកាមួយចំនួន និងសម្ភារៈប្រគេនដល់ព្រះសង្ឃផងដែរ៕