(កណ្តាល)៖ លោកបណ្ឌិត កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំព្រែកលួង និងឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកណ្ដាល ព្រមទាំងក្រុមគ្រួសារ និងមន្ត្រីរាជការក្រោមឱវាទ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តចំនួន៦ ស្ថិតក្នុងឃុំព្រែកលួង និងឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល។

ពិធីបុណ្យកាន់បិណ្ឌ ត្រូវបានប្រជាពលរដ្ឋខ្មែរ ជាពុទ្ធសាសនិកជនប្រារព្ធឡើងក្នុងគោលបំណង ដើម្បីរៀបចំសង្ឃភត្ត ទំនុកបម្រុង ដល់ព្រះសង្ឃក្នុងរដូវវស្សា ពីព្រោះរដូវនេះមានភ្លៀងធ្លាក់បង្កឱ្យមានការលំបាក ដល់ព្រះសង្ឃ ក្នុងការនិមន្តបិណ្ឌបាត្រ។ ម្យ៉ាងទៀតក៏ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណ ក្ខន្ធបុព្វការីជន របស់ពួកគាត់ឱ្យបានទៅកាន់សុគតិភពផងដែរ។

ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តទាំង៦ រួមមាន៖ វត្តព្រែកលួងវត្តគន្ទីរ៉ារាម, វត្តព្រែករបៅ, វត្តឃ្លាំងមឿង, វត្តព្រែកអំពិល និងសាលាបុណ្យតួអណ្ដូង លោកបណ្ឌិត កែវ បេងវឌ្ឍន៍ រួមនឹងពុទ្ធបរិស័ទទាំងអស់ បានជួបជុំគ្នាធ្វើនមស្សការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើន ព្រះបរិត្ត និងសម្តែងធម្មទេសនា និងបាននាំយកចង្ហាន់ទេយ្យទានផ្សេងៗទៅវេរប្រគេនដល់ព្រះសង្ឃក្នុងវត្តនេះ ដើម្បីឧទ្ទិសកុសល ដល់បុព្វការីជន ដែលបានលាចាកទៅកាន់លោកខាងមុខ ក៏ដូចជាវិញ្ញាណក្ខន្ធ បុព្វបុរសស្នេហាជាតិទាំងអស់ បានមកទទួលយកកុសលផលបុណ្យ តាមជំនឿបែបព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងបានធ្វើកិច្ចបែបសាសនា ស្របតាមទំនៀមទម្លាប់ នៃពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះផងដែរ។

ឆ្លៀតឱកាសនោះ លោកបណ្ឌិត កែវ បេងវឌ្ឍន៍ បានលើកឡើងថា បច្ចុប្បន្នដោយសារប្រទេសជាតិ មានសុខសន្តិភាពស្ថេរភាព នយោបាយល្អប្រសើរ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលតែងតែបានខិតខំបំពេញ តាមបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ លើគ្រប់វិស័យទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ និងដោះស្រាយរាល់បញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋសំដៅធ្វើយ៉ាងណាឱ្យពួកគាត់មានសេចក្តី សុខសុភមង្គល រីកចម្រើនទៅមុខទៀត ដល់កូនចៅជំនាន់ក្រោយ និងបានជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានប្រសើរឡើង ដូច្នេះ ហើយទើបពួកគាត់ អាចមានលទ្ធភាព ធនធានគ្រប់គ្រាន់ ក្នុងការធ្វើបុណ្យទាន ផ្សេងៗបាន។

គួរបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិ បែបព្រះពុទ្ធសាសនាដ៏ធំមួយ នៅកម្ពុជា។ ឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃ១ រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២។

ការប្រារព្ធពិធីបុណ្យនេះ គឺជាទំនៀមទម្លាប់មួយដែលជនជាតិខ្មែរនិយមធ្វើតៗគ្នា តាំងពីបុរាណកាលដូច្នេះហើយប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលជាពុទ្ធសាសនិកជន គប្បីនាំគ្នាថែរក្សាពិធីបុណ្យ ដែលជាមរតកកេរដំណែលវប្បធម៌ របស់ដូនតាខ្មែរឱ្យបានឋិតថេរគង់វង្ស តាមរយៈការបណ្ដុះស្មារតីដល់យុវជន និងកូនចៅជំនាន់ក្រោយទាំងអស់ ឱ្យចេះទៅធ្វើបុណ្យទាន នៅក្នុងរដូវបុណ្យ កាន់បិណ្ឌភ្ជុំបិណ្ឌនេះ នៅតាមទីវត្តអារាមនានាទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាអភិរក្ស ពិធីបុណ្យប្រពៃណីជាតិ ដ៏ល្អផូរផង់នេះកុំឱ្យបាត់បង់ ប៉ុន្តែត្រូវចូលរួមអនុវត្តវិធានការ សុវត្ថិភាពអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតពីជំងឺកូវីដ១៩ ផងដែរ។

នៅក្នុងឱកាសកាន់បិណ្ឌទី៩ លោកបណ្ឌិត កែវ បេងវឌ្ឍន៍ បាននាំយកគ្រឿងឧបភោគបរិភោគ ភេសជ្ជៈទេយ្យទាន ប្រគេនដល់ព្រះសង្ឃទាំង៦វត្ត ក្នុងមួយវត្តទទួលបានអង្ករ២បាវ, ទឹកសុទ្ធ៥កេស, មី៥ កេស, ទឹកក្រូច ៥កេស ចូលបច្ច័យកសាងក្នុងមួយវត្តមួយលានរៀល។ ចៅអធិការ ១០ម៉ឺនរៀល ភិក្ខុសង្ឃ ៥ម៉ឺនរៀល ចង្ហាន់មួយស្រាក់ ផ្សារដកមួយ ផ្លែឈើមួយកន្ត្រក់ យាយជី តាជី និងពុទ្ធបរិស័ទ ដែលអញ្ជើញមកចូលរួមក្នុងមួយនាក់ មួយម៉ឺនរៀល សរុបថវិកាចំណាយ ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ ទាំង៦វត្ត ចំណាយសរុបជាង៣២លានរៀល៕