(តាកែវ)៖ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ ក្នុងថ្ងៃវេនកាន់បិណ្ឌទី៩ កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ថ្នាក់ចេនឡា ឆ្នាំ២០២២ នៃសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញចូលរួមពិធិកាន់បិណ្ឌវេនទី៩ នៅវត្តប្រាសាទនាងខ្មៅ ស្រុកសំរោង ខេត្តតាកែវ ដោយនាំយកនូវទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ វេរប្រគេនដល់ព្រះសង្ឃ និងប្រគេនបច្ច័យដល់វត្ត សម្រាប់កសាងសមិទ្ធិផលនានា។

ក្នុងឱកាសនេះដែរ កម្មសិក្សាការីទាំងអស់ បាននាំយកនិងដាំដើមឈើមានប្រភេទឈើបេង និងធ្នុង នៅជុំវិញស្រះទឹកក្នុងវត្ត ដើម្បីជាម្លប់សម្រាប់ពុទ្ធបរិស័ទមកធ្វើបុណ្យ និងកម្សាន្ត។ គោលបំណង នៃការកាន់បិណ្ឌ និងដាំដើមឈើរួមគ្នា គឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនង របស់កម្មសិក្សាការីទាំងអស់ ដែលមកពីក្រសួង/ស្ថាប័នផ្សេងគ្នា ក៏ដូចជាធ្វើសកម្មភាពល្អរួមគ្នា ដែលជាផ្នែកមួយបង្ហាញពីការសាមគ្គីគ្នា ក្នុងការ រស់នៅក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាព។

គួរបញ្ជាក់ថា ព្រះធម្មវិជ្ជា ជួន កក្កដា ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះវិន័យធរគណខេត្តតាកែវ និងជានាយកសាលាពុទ្ធិកឋមសិក្សាប្រាសាទនាងខ្មៅ ព្រះអង្គក៏ជាកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ថ្នាក់ចេនឡា ឆ្នាំ២០២២ផងដែរ។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២២នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២៕