(ភ្នំពេញ)៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញបើកពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២២។
ជំនួសមុខឲ្យអភិបាលរាជធានីភ្នំពេញ, លោក ឃ្លាំង ហួត បានបង្ហាញការសប្បាយរីករាយប្រកបដោយមោទនភាព និងក្តីជឿជាក់ចំពោះការចូលរួមចំពោះការចូលរួមក្នុងការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ដែលប្រើប្រាស់នូវថវិកា មូលនិធិសង្កាត់របស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ឃ្លាំង ហួត បានចាត់ទុកថា «ការដេញថ្លៃនេះជាការចូលរួមរបស់វិស័យឯកជន តាមរបៀបប្រកួតប្រជែងក្នុងការចូលរួមដេញថ្លៃគម្រោងអភិវឌ្ឍន៍សង្កាត់ ដើម្បីកសាងសមិទ្ធផលក្នុងមូលដ្ឋានសង្កាត់ និងចូលរួមអភិវឌ្ឍន៍មូលដ្ឋាន តាមតម្រូវការរបស់ប្រជាពលរដ្ឋ។ ដូច្នេះ គុណភាព បទដ្ឋានបច្ចេកទេស សោភ័ណភាព តម្លៃសមស្រប ជាកត្តាចាំបាច់សម្រាប់ក្រុមហ៊ុនដែលចេញថ្លៃឈ្នះ និងម្ចាស់គម្រោងដែលជាក្រុមប្រឹក្សាសង្កាត់»។
លោកបានបន្ថែមថា ដើម្បីឱ្យដំណើរការនេះប្រព្រឹត្តទៅជាសាធារណៈប្រកបដោយភាពរលូន មានតម្លាភាព គណនេយ្យភាព យុត្តិធម៌ អាចជឿទុកចិត្តបានសូមឆ្លុះបញ្ចាំងនូវសកម្មភាពមួយចំនួន ដែលបណ្តភាគីពាក់ព័ន្ធក្នុងការដេញថ្លៃ នាពេលនេះ ត្រូវតែប្រកាន់យក និងគប្បីចៀសវាង រួមមាន៖
*ទី១៖ ចំពោះក្រុមហ៊ុន-អ្នកទទួលការត្រូវគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌របស់ក្រុមហ៊ុន អ្នកទទទួលការ, ត្រូវស្គាល់ទីតាំង និងដឹងច្បាស់អំពីទំហំការងាររបស់គម្រោង, ពិចារណាច្បាស់លាស់មុននឹងដាក់តម្លៃដេញថ្លៃ, ក្រោយការដេញថ្លៃបានត្រូវគោរពនីតិវិធី កិច្ចសន្យា និងរយៈពេលកំណត់ក្នុងការអនុវត្តគម្រោង, មានសៀវភៅការដ្ឋានតាមការណែនាំរបស់ក្រុមគាំទ្របច្ចេកទេសខណ្ឌ និងសង្កាត់, ធានាសុវត្ថិភាពការដ្ឋាន និងសុវត្ថិភាពសាធារណៈ ចាប់ពីពេលបើកការដ្ឋានអនុវត្តគម្រោង រហូតដល់ពេលបិទការដ្ឋាន, មុនពេល និងក្នុងពេលដេញថ្លៃ មិនត្រូវមានការឃុបឃិតគ្នាជាមុនដូចជា៖ លួចចរចារគ្នាទទួល សំណូកពីគ្នា ឬការទិញទឹកចិត្តគ្នាដោយមានការសន្យាមុនពេលដេញថ្លៃ។
*ទី២៖ ចំពោះគណៈកម្មការលទ្ធកម្មសង្កាត់៖ ត្រូវមានការសម្រេចចិត្តត្រឹមត្រូវក្នុងការទទួលយកអ្នកទទួលការប្រកបដោយតម្លាភាព និងគោរពបាននូវគោលការណ៍លទ្ធកម្ម, ត្រូវមានការឯកភាពគ្នាក្នុងគណៈកម្មការលទ្ធកម្មសង្កាត់ ដោយមានមូលហេតុច្បាស់លាស់ក្នុងការ
*ទី៣៖ ចំពោះគណៈកម្មការគ្រប់គ្រងគម្រោងសង្កាត់៖ ត្រូវមានការតាមដានត្រួតពិនិត្យការអនុវត្តគម្រោងជាប្រចាំ ជាពិសេសគឺការពិនិត្យផ្តល់យោបល់ដោយសរសេរចូលក្នុងសៀវភៅការដ្ឋានជាប្រចាំ, មានការទទួលខុសត្រូវចំពោះលទ្ធផលគម្រោង, តាមដានរបាយការណ៍រីកចម្រើន និងការចេញអាណត្តិទូទាត់ និងប្រាក់ធានា, ផ្តល់យោបល់កែលម្អជាផ្លូវការក្នុងសៀវភៅការដ្ឋាន នៅពេលចុះពិនិត្យការដ្ឋានអនុវត្តគម្រោង។
បន្ថែមពីនេះ លោក ឃ្លាំង ហួត បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវសកម្មភាពការងារដល់រដ្ឋបាលថ្នាក់ក្រោមជាតិមានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយបញ្ហាជំងឺកូវីដ១៩នេះ ដោយបានជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា និងបានពិនិត្យតាមដានអំពីសុខភាព ធ្វើរោគវិនិច្ឆ័យរកជំងឺកូវីដ១៩ និងការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងចូលរួមការពារខ្លួនឱ្យបានត្រឹមត្រូវតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលក្រសួងមហាផ្ទៃ។
លោកក៏បានផ្ដល់នូវអនុសាសន៍ និងការណែនាំមួយចំនួនពិសេសដល់បណ្តាក្រុមហ៊ុន អ្នកទទួលការគម្រោងអភិវឌ្ឍន៍សង្កាត់ ដែលដេញថ្លៃគំរោងបានឈ្នះរួមមាន៖
*ទី១៖ សូមរួសរាន់ចុះកិច្ចសន្យាអនុវត្តគម្រោងជាមួយសង្កាត់ និងបន្ទាប់ពីបានចុះកិច្ចសន្យារួចត្រូវអនុវត្តតាមផែនការសកម្មភាពការងារឱ្យបានច្បាស់លាស់
*ទី២៖ គម្រោងនីមួយៗត្រូវមានមេការប្រចាំ មានសៀវភៅតាមដានការដ្ឋាន ជាពិសេសក្នុងការអនុវត្តគម្រោងត្រូវធានាបានគុណភាព បទដ្ឋានបច្ចេកទេស និងសោភ័ណភាព
*ទី៣៖ អនុវត្តគម្រោងឱ្យទាន់ពេលវេលាកំណត់ និងរក្សាបាននូវសណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងការដ្ឋាន
*ទី៤៖ ចំពោះសាលាខណ្ឌ សាលាសង្កាត់ និងគណៈកម្មការគ្រប់គ្រងគម្រោងសង្កាត់ ត្រូវជូនដំណឹងដល់បណ្តាអង្គភាពពាក់ព័ន្ធពីផលប៉ះពាល់ផ្សេងៗក្នុងការអនុវត្តគម្រោងដើម្បីចូលរួមសហការ និងត្រូវតាមដានត្រួតពិនិត្យការអនុវត្ត គម្រោងរបស់អ្នកទទួលការជាប្រចាំ ដើម្បីឱ្យគម្រោងសង្កាត់សម្រេចបានលទ្ធផលល្អប្រសើរ ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងនីតិវិធីណែនាំបានកំណត់៕