(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដែលមានលទ្ធផលដូចខាងក្រោម៖

១៖ អង្គប្រជុំបានអនុម័តប្រគល់ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបួនស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ដល់គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ។

២៖ អង្គប្រជុំបានអនុម័តលើ គម្រោងចំណាយថវិការបស់រដ្ឋសភា ឆ្នាំ២០២៣ ដើម្បីបញ្ជូន ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់បញ្ចូលទៅក្នុងគម្រោងថវិកាជាតិ ស្របតាមច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។

៣៖ អង្គប្រជុំបានអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំលើកទី៧ និងលើកទី៨ នីតិកាលទី៦ ដោយបានប្រគល់ភារកិច្ចដល់ អគ្គលេ-ខាធិការដ្ឋានរដ្ឋសភា បន្តបញ្ចូលសកម្មភាពរដ្ឋសភា រហូតដល់ថ្ងៃបើកសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ នាពេលខាងមុខ។

៤៖ អង្គប្រជុំបានអនុម័តសេចក្តីព្រាងគម្រោងផែនការការទូតសភាកម្ពុជា ឆ្នាំ២០២៣៕