(ភ្នំពេញ)៖ អគ្គាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីក្របខ័ណ្ឌមុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ច ព្រមទាំងអនុក្រឹត្យ ស្ដីពីវិធាន និងនីតិវិធី នៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក ស្ដើង សុខុម រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងកិច្ចសម្របសម្រួលរបស់លោក ឆាយ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមមកជាថ្នាក់ដឹកនាំ នៃអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុរបស់ក្រសួង ស្ថាប័ន, សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរជំនាញរាជធានីភ្នំពេញ។
សូមជម្រាបថា អនុក្រឹត្យស្ដីពីក្របខ័ណ្ឌមុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ចនេះ កំណត់អំពីក្របខ័ណ្ឌមុខងារ ភារកិច្ចរបស់ សវនកម្មផ្ទៃក្នុង និងអធិការកិច្ច ដើម្បីជៀសវាងការអនុវត្តស្ទួនគ្នា ក្នុងគោលបំណង លើកកម្ពស់ប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដោយកំណត់ មុខងារភារកិច្ចរបស់ សវនកម្មផ្ទៃក្នុងរបស់បណ្តាក្រសួង ស្ថាប័ន និងសហគ្រាសសាធារណៈ, អធិការកិច្ចរបស់ក្រសួង ស្ថាប័ន, អធិការកិច្ចហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អធិការកិច្ចមុខងារសាធារណៈ របស់ក្រសួងមុខងារសាធារណៈ, អធិការកិច្ចរបស់ក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ។
លើសពីនេះ អនុក្រឹត្យនេះ មានវិសាលភាពអនុវត្ត ចំពោះមុខងារសវនកម្មផ្ទៃក្នុង និងអធិការកិច្ចរបស់ក្រសួង ស្ថាប័ន អធិការកិច្ចហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អធិការកិច្ចមុខងារ សាធារណៈរបស់ក្រសួងមុខងារសាធារណៈ និងអធិការកិច្ចរបស់ក្រសួង ទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
ដោយឡែកអនុក្រឹត្យ ស្ដីពីវិធាន និងនីតិធី នៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុនេះ កំណត់វិធាន និងនីតិវិធី នៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ ដើម្បីចូលរួមធានាការ គ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ប្រកបដោយនីត្យានុកូលភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព បូរណភាព តម្លាភាព និងគណនេយ្យភាព ដោយអនុលោម តាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ជាងនេះទៅទៀត អនុក្រឹត្យនេះ មានវិសាលភាព អនុវត្តលើការងារ អធិការកិច្ចហិរញ្ញវត្ថុ ចំពោះស្ថាប័ន ទទួលរងអធិការកិច្ច ហិរញ្ញវត្ថុ រួមមានដូចខាងក្រោម៖
*ទី១៖ រដ្ឋបាលថ្នាក់ជាតិ រួមមាន ក្រសួង ស្ថាប័ន អង្គភាពសាធារណះប្រហាក់ប្រហែល មន្ទីរជំនាញ និងអង្គភាព ថវិកាក្រោមឱវាទ
*ទី២៖ រដ្ឋបាលថ្នាក់ក្រោមជាតិរួមមាន រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលស្ថិតក្រោមដែន សមត្ថកិច្ចរបស់ក្រុមប្រឹក្សានីមួយៗ
*ទី៣៖ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណះរដ្ឋបាល និងអង្គភាពស្វ័យភាព ហិរញ្ញវត្ថុដទៃទៀត
*ទី៤៖ សហជីព សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលទទួលផលប្រយោជន៍ ពីហិរញ្ញវត្ថុសាធារណៈ
*ទី៥៖ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សម្បទានិក នីតិបុគ្គលឯកជន ដែលទទួលផលប្រយោជន៍ ពីហិរញ្ញវត្ថុសាធារណៈ៕