(ភ្នំពេញ)៖ ជាលើកដំបូងសម្រាប់ផលិតកម្ម LD Picture នៅពេលនេះ បានបើកកិច្ចសហការ ថតរឿងភាគ ដាក់បញ្ចាំងក្នុងស្ថានីយទូរទស្សន៍ PNN ក្នុងម៉ោងពិសេស ខណៈដែលកន្លងមក ផលិតកម្មមួយនេះ ធ្លាប់ផលិតតែរឿងដុំ ដាក់បញ្ចាំងក្នុងរោងភាពយន្ត ដោយទទួលបានការគាំទ្រ យ៉ាងក្រាស់ក្រែល ពីសំណាក់ទស្សនិកជនទូទៅ។ កិច្ចសហការក្នុងការផលិតរឿងភាគខ្មែរ របស់ផលិតកម្ម LD Picture នៅពេលនេះ ត្រូវបានគេមើលឃើញថា ជាជំហានថ្មីមួយទៀត ដើម្បីពង្រីកវិសាលភាព ភាពយន្តខ្មែរ និងជាការពង្រឹងគុណភាព ខ្សែភាពយន្តខ្មែរឲ្យកាន់តែប្រសើរខ្លាំង ស្របទៅនឹងការវិវឌ្ឍន៍ឥតឈប់ឈរ នៃការរីកលូតលាស់ លើវិស័យភាពយន្តខ្មែរ។
ពិធីសន្និសីទ បើកកិច្ចសហការគ្នា ជាលើកដំបូងនេះ បានធ្វើឡើងនៅក្នុងស្ទូឌីយោ នៃស្ថានីយទូរទស្សន៍ PNN ផ្ទាល់ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦ នេះ ដោយមានការចូលរួមដឹងឮ និងធ្វើជាសក្ខីភាព ពីសំណាក់លោក ស៊ិន ច័ន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Picture តារាសម្ដែងល្បីៗ និងក្រុមការងាររបស់ផលិតកម្ម LD Picture ជាច្រើននាក់ ។ ក្នុងនោះ ក្រៅពីជួបជុំប្រកាសជាចំហ ស្ដីពីកិច្ចសហការជាលើកទី១នេះ ផលិតកម្ម LD Picture ក៏បានបង្ហាញនូវឧបករណ៍ ទំនើបថ្មីបំផុត ក្នុងការផលិតរឿង ឲ្យមានគុណភាពខ្ពស់ ស្របតាមស្តង់ដារ ដែលស្ថានីយទូរទស្ស PNN អាចទទួលយកបាន ពេលដាក់បញ្ចាំង ។
លោក ស៊ិន ច័ន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា លោកសូមចូលរួមអបអរសាទរ ចំពោះកិច្ចសហការផលិតភាពយន្តភាព ពីសំណាក់ផលិតកម្ម LD Picture សម្រាប់ដាក់បញ្ចាំង ក្នុងស្ថានីយទូរទស្សន៍ PNN នៅពេលនេះ និងបានបញ្ជាក់ឲ្យឃើញថា ការរីកចម្រើនលើវិស័យភាពយន្ត កំពុងតែធ្វើដំណើរទៅមុខជាលំដាប់ ។ ជាការពិតរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលការណ៍ ឲ្យគ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ បញ្ចាំងភាពយន្តខ្មែរ ក្នុងម៉ោងមាស (ពីម៉ោង៧ ដល់ម៉ោង៩យប់) ដើម្បីលើកស្ទួយភាពយន្តខ្មែរ ហើយបើនិយាយ ពីតម្រូវការរឿងភាគនៅសព្វថ្ងៃនេះ គឺក្នុងស្ថានីយទូរទស្សន៍មួយ ត្រូវការ២ភាគ ក្នុង១ថ្ងៃ ហើយដោយសារស្ថានីយ ទូរទស្សន៍យើងមានច្រើន បើយើងគណនាទៅ ក្នុង១ថ្ងៃ មានតម្រូវការពីចន្លោះ៣០ទៅ៤០ភាគ គ្រប់ទូរទស្សន៍ទាំងអស់។
លោកបន្ថែមថា នេះជាតម្រូវការមួយដ៏ខ្ពស់ សម្រាប់ទីផ្សារភាពយន្តរបស់យើង ដែលជម្រុញឲ្យផលិតករ រួមទាំងតារាសម្ដែង ត្រូវតែបង្កើនការផលិត ឲ្យបានកាន់តែច្រើន ដើម្បីបំពេញទីផ្សារ ដែលកំពុងខ្វះខាតនេះ ។ ប៉ុន្តែអ្វីដែលមានការព្រួយបារម្ភ តើយើងត្រូវធ្វើយ៉ាងម៉េច ដើម្បីឲ្យជោគជ័យ ប្រកបដោយការប្រកួតប្រជែងស្មើភាពគ្នា ? ជាមួយគ្នានេះ ការផលិតត្រូវផ្ដោត សំខាន់លើគុណភាព ទាំងតួសម្ដែង រូបភាព សាច់រឿង ការចាត់ចែង និងការផ្សព្វផ្សាយ ដើម្បីធ្វើយ៉ាងណាឲ្យមានភាពទាក់ទាញ ។
លោក ស៊ិន ច័ន្ទសាយ៉ា បន្តថា ថ្ងៃនេះផលិតកម្ម LD Picture បានចំណាយទុនវិនិយោគ លើសម្ភារបច្ចេកទេសយ៉ាងច្រើន ដើម្បីផលិតខ្សែភាពយន្តភាគ ឲ្យមានគុណភាពខ្ពស់សម្រាប់ប្រកួតប្រជែង ក្នុងទីផ្សារភាពយន្តក្នុងស្រុក និងក្រៅស្រុក ដាក់បញ្ចាំងក្នុងស្ថានីយទូរទស្សន៍ PNN ។ លោកសូមកោតសរសើរ ចំពោះផលិតកម្ម LD Picture ដែលតែងតែផលិតភាពយន្ត មានគុណភាព មានការទាក់ទាញអ្នកទស្សនា ដោយបានប្រើសម្ភារបច្ចេកទេសថ្មីៗ ធ្វើឲ្យមហាជនខ្មែរ ងាកមកចាប់អារម្មណ៍ទស្សនារឿងខ្មែរ។
ដោយឡែកលោក លៀក លីដា ជាផលិតករ និងជាចាងហ្វាងផលិតកម្ម LD Picture បានថ្លែងថា ផលិតកម្ម LD Picture បានងាកមកមើលទីផ្សារភាពយន្តភាគ ដើម្បីជួយជម្រុញរឿងភាគខ្មែរ ឲ្យកាន់តែមានគុណភាពល្អ ដូចប្រទេសជិតខាង ហើយនៅថ្ងៃនេះដែរ ផលិតកម្ម LD Picture បានសហការជាមួយ ទូរទស្សន៍ PNN បានផលិតរឿងភាគ១រួចមកហើយ ដើម្បីត្រៀមដាក់បញ្ចាំង ដោយរឿងនេះ មានចំណងជើងថា «ម្ទេសហឺរ ប៉ះនឹងអំបិលប្រៃ» មានបច្ចេកទេសថតទំនើប ដែលផលិតកម្មនឹងបង្ហាញឈុតខ្លះ នៅថ្ងៃនេះ។
លោកបានបន្តទៀតថា នេះជាលើកទី១ហើយ ដែលផលិតកម្ម បានសហការជាមួយ ស្ថានីយទូរទស្សន៍ PNN ផលិតភាពយន្តភាគ ដើម្បីដាក់បញ្ចាំង ហើយបើទោះបីជាលោក ត្រូវចំណាយទុនច្រើនបន្តិចក្ដី ក៏លោកត្រូវតែសាកល្បងដែរ ក្នុងន័យធ្វើយ៉ាងណាឲ្យភាពយន្តខ្មែរ មានគុណភាពល្អ មានការគាំទ្រច្រើន ។ ចំពោះមូលហេតុ ដែលផលិតកម្ម LD Picture ចាប់ដៃគូជាមួយ ស្ថានីយទូរទស្សន៍ PNN គឺលោកបានមើលឃើញពីសក្ដានុពលដ៏ធំធេង ការគាំទ្រខ្លាំង និងរូបភាពច្បាស់ល្អ កម្រិត Full HD ត្រូវជាមួយនឹងបច្ចេកទេសផលិតរឿង របស់លោកតែម្ដង ។
ទោះបីជាយ៉ាងណា ក្នុងពិធីបើកកិច្ចសហការផលិតរឿងភាគខ្មែរ បញ្ចាំងក្នុងស្ថានីយទូរទស្សន៍ PNN នេះ តារសម្ដែងដែលបានចូលរួមទាំងអស់ បានសំណូមពរដល់ទស្សនិកជន មេត្តាចូលរួមគាំទ្រ លើកស្ទួយវិស័យភាពយន្តខ្មែរ ឲ្យកាន់តែច្រើនជាងនេះ ដើម្បីផលិតករ និងតារាសម្ដែងទាំងអស់ មានកម្លាំងចិត្ត និងផលិតឡើង ឲ្យមានគុណភាពកាន់តែប្រសើឡើងជាងនេះ ។ ខ្មែរត្រូវតែលើកតម្កើងភាពយន្តខ្មែរ ដើម្បីវប្បធម៌ដ៏រុងរឿងរបស់យើងទាំងអស់គ្នា ៕