(ប៉េកាំង)៖ កញ្ញា សេង ចាន់មុល្លិកា អនុប្រធានក្រុមការងារភាសាអង់គ្លេសរបស់បណ្តាញព័ត៌មាន Fresh News ទទួលបានឱកាសបណ្តុះបណ្តាលពិសេស នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
កញ្ញា មុល្លិកា ជាសិក្ខាកាមឆ្នើមម្នាក់ដែលត្រូវបានជ្រើសរើស ក្នុងចំណោមអ្នកកាសែតអន្តរជាតិជាង ៩០នាក់ មកពីជាង ៦៧ប្រទេសជុំវិញពិភពលោក ឱ្យចុះកម្មសិក្សានៅទីភ្នាក់ងារសារព័ត៌មាន Xinhua ដ៏ល្បីរបស់ប្រទេសចិន ដែលបានបង្កើតឡើងនៅឆ្នាំ ១៩៣១។
កញ្ញា មុល្លិកា ថាឱកាសមាសក្នុងហាត់ការនៅទីភ្នាក់ងារព័ត៌មាន Xinhua ហាក់ដូចជាក្តីស្រមៃក្លាយជាការពិត។
«ខ្ញុំធ្លាប់តែឮឈ្មោះ និងភាពល្បីល្បាញរបស់សារព័ត៌មាន Xinhua តែពេលនេះខ្ញុំបានមកដល់កន្លែងផ្ទាល់។ វាជាឱកាសដ៏កម្រ… នាងខ្ញុំមានមោទនភាពក្នុងនាមជាអ្នកសារព័ត៌មានរបស់កម្ពុជាមួយរូប ដែលទទួលបានឱកាសពង្រឹងសមត្ថភាព នៅសារព័ត៌មានដ៏ល្បីមួយរបស់ពិភពលោក» នេះបើតាមការបញ្ជាក់ពីកញ្ញា មុល្លិកា។
រយៈពេលពីរសប្តាហ៍ កញ្ញា មុល្លិកា បានទទួលការបណ្តុះបណ្តាលទៅលើការបែងចែកព័ត៌មានទៅកាន់ផ្នែកនីមួយៗនៃអង្គភាព ចំណេះដឹងអំពីផ្នែកឌីជីថល ការកាត់តវីដេអូ ការប្រមូលធាតុចូលសម្រាប់ការ សរសេរព័ត៌មាន ភាពជាដឹកនាំ និងការទំនាក់ទំនង ដែលមានសារៈសំខាន់ក្នុងការពង្រឹងសមត្ថភាពផ្ទាល់ខ្លួន និងពង្រឹងសមត្ថភាពស្ថាប័ននៅពេលត្រលប់មកកម្ពុជាវិញ។
កញ្ញា មុល្លិកា ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន China Asia Pacific Press Center 2022 រយៈពេល ៦ខែ រៀបចំដោយមជ្ឈមណ្ឌលទំនាក់ទំនងសារព័ត៌មានអន្តរជាតិចិន។ ក្នុងអំឡុងពេលបណ្តុះបណ្តាល មុល្លិកា តែងតែចូលរួមការបង្ហាត់បង្រៀន អំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការទូត វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសចិន វគ្គបណ្តុះបណ្តាលស្តីពីសារព័ត៌មាន និងកម្មសិក្សាក្នុងប្រព័ន្ធផ្សព្វផ្សាយចិន ព្រមទាំងការជួបសំណេះសំណាលជាមួយស្ថាប័នសាធារណៈជាន់ខ្ពស់របស់ចិន ស្ថាប័នឯកជន អង្គការប្រព័ន្ធផ្សព្វផ្សាយ និងដំណើរទស្សនកិច្ចទៅកាន់ខេត្តនានានៃប្រទេសចិន។
ក្នុងនាមបុគ្គលិក Fresh News កញ្ញា មុល្លិកា សូមថែ្លងអំណរគុណលោកអគ្គនាយក បណ្តាញព័ត៌មាន Fresh News លឹម ជាវុត្ថា ដែលបានផ្តល់ឱកាសដ៏កម្រនេះដល់នាង។ កញ្ញា ប្តេជ្ញាយកចំណេះ និងជំនាញទទួលពីវគ្គបណ្តុះបណ្តាលអាជីពសារព័ត៌មាន នៅទីក្រុងប៉េកាំង មកចែករំលែកជាមួយមិត្តរួមការងារ និងកសាង Fresh News ឱ្យតែកាន់ឈានមុនមួយកម្រិតទៀត។
សូមជំរាបថា កញ្ញា មុល្លិកា បានបម្រើការងារឱ្យ Fresh News ជិត៥ឆ្នាំហើយ បើបូករួមទាំងបទពិសោធន៍ក្រៅម៉ោង។ កញ្ញាជាតួអង្គដ៏សំខាន់នៅក្នុងផ្នែកភាសាអង់គ្លេស។ បេសកកម្មរបស់កញ្ញា មុល្លិកា គឺផ្សព្វផ្សាយព័ត៌មានការពិត មានប្រភពច្បាស់លាស់ ត្រឹមត្រូវ លឿនរហ័ស ដើម្បីចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយក្នុងសម័យឌីជីថល និងផ្សព្វផ្សាយពីភាពវិជ្ជមានរបស់កម្ពុជាទៅកាន់ពិភពលោក៕