(ភ្នំពេញ)៖ កាលពីវេលាម៉ោងប្រមាណ ៧យប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ មានករណីហិង្សាមួយបានកើតឡើង ដោយភាគីម្ខាង បានប្រើកូនកាំបិតចុងស្រួចចាក់ទៅលើភាគីម្ខាងទៀត នៅចំណុចផ្លូវលំ ក្រុម១៥ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ បណ្តាលឲ្យជនរងគ្រោះឈ្មោះ អ៊ិន សុខធី ឬ សុខ ធី ហៅ ម៉ាប់ ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវរបួសធ្ងន់ធ្ងរ និងបានស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុភ្លាមៗ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ដល់កម្លាំងនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យចុះទៅ ដល់កន្លែងកើតហេតុ ដើម្បីបើកការស៊ើបអង្កេតស្រាវជ្រាវតាមចាប់ជនសង្ស័យឲ្យខាងតែបាន។
បន្ទាប់ពីទទួលបាន បទបញ្ជាភ្លាម កម្លាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានបើកការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបានថា ជនសង្ស័យគេចខ្លួនទៅឯខេត្តបាត់ដំបង កម្លាំងជំនាញក៏បន្តទៅសហការជាមួយកម្លាំងអាវុធហត្ថខេត្តបាត់ដំបង រួមគ្នាធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ណែម សំអាត ភេទប្រុស អាយុ៣០ឆ្នាំ នៅវេលាម៉ោង ២២៖៣០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្ទះសំណាក់ផ្កាយព្រឹក ស្ថិតក្នុងភូមិដួង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងព្រំដែនកម្ពុជា-ថៃ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ ណែម សំអាត បានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៨-២០១៩ ខ្លួនបានស្គាល់ ស្ត្រីមេម៉ាយម្នាក់ ឈ្មោះ នី សុខុម និងបានរួមរស់ ជាប្តី-ប្រពន្ធជាមួយគ្នាដោយពុំបានរៀបការស្របច្បាប់នោះទេ។
បន្ទាប់ពីរួមរស់ជាមួយគ្នាបានមួយរយៈស្រាប់តែប្រពន្ធខ្លួនបានប្រាប់ថា ចង់សុំបែកគ្នាជាមួយរូបខ្លួន ដោយសារតែនាងបានជួបប្តីដើមឈ្មោះ អ៊ិន សុខធី (ជនរងគ្រោះ) ដែលធ្លាប់បានរៀបការជាមួយគ្នា និងមានកូនប្រុសម្នាក់នោះវិញ។ លុះនៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ប្រពន្ធខ្លួន (នី សុខុម) និងឈ្មោះ អ៊ិន សុខធី (ជនរងគ្រោះ) ដែលជាប្តីដើម បានហៅតាមទូរស័ព្ទអោយរូបខ្លួន ទៅនិយាយគ្នានៅផ្ទះ ដើម្បីនិយាយរឿងបែកគ្នា ខណៈនោះរូបខ្លួនក៏បានជិះម៉ូតូ ដោយមានកូនកាំបិតចុងស្រួចមួយសៀតចង្កេះផង។
នៅពេលទៅដល់ ដោយសារតែនិយាយមិនត្រូវរ៉ូវគ្នា ក៏បានបង្កជាជម្លោះពាក្យសម្តីខ្លាំងៗ ជាមួយក្រុមគ្រួសារខាងប្តីដើម រហូតឈានដល់ការប្រតាយប្រតប់គ្នា ភ្លាមនោះ ឈ្មោះ អ៊ិន សុខធី (ជនរងគ្រោះ) ក៏ស្ទុះមករកខ្លួន គាប់ជួនខ្លួនកាន់កាំបិតចុងស្រួចក្រវីក្រវាត់ត្រូវចំជនរងគ្រោះបណ្តាលឲ្យដួល តែពុំដឹងត្រូវកន្លែងណាខ្លះទេ។
បន្ទាប់ពីកើតហេតុរួច រូបខ្លួនក៏ឡើងជិះម៉ូតូគេចខ្លួន និងលាក់ខ្លួនបានមួយយប់ ក៏បន្តជិះរថយន្តគេចខ្លួនទៅខេត្តបាត់ដំបង សម្រាកនៅទីនោះបានមួយយប់មួយថ្ងៃ។ លុះដល់វេលាម៉ោងប្រហែល២៣និង០០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ស្រាប់តែត្រូវបានសមត្ថកិច្ចអាវុធហត្ថចុះមកដល់នៅជិតព្រំដែនកម្ពុជា-ថៃ ធ្វើការចាប់ឃាត់រូបខ្លួនតែម្តង។
ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២៕