(បាត់ដំបង)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានជំរុញលើកទឹកចិត្តដល់សមាជិក ស.ស.យ.ក ត្រូវមានឆន្ទៈនិងបេះដូងលះបង់ជួយដល់សង្គមជាតិ ពីព្រោះការចូលជាសមាជិក ស.ស.យ.ក. គឺត្រូវការចិត្ត ឆន្ទៈ និងបេះដឹងជួយដល់សង្គមជាតិជាធំ។
ការថ្លែងបែបនេះរបស់លោក ហ៊ុន ម៉ានី ធ្វើឡើងក្នុងពេលជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យជាតិបាត់ដំបង ដែលមានសមាសភាពចូលរួមចំនួន៤៥៣នាក់ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។
លោក ហ៊ុន ម៉ានី បានកោតសរសើរចំពោះការរីកចម្រើនរបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) ក្រោមការដឹកនាំរបស់លោក ស សុខា ដោយមានកិច្ចសហការល្អពីគ្រឹះស្ថានឧត្តមសិក្សានានា។
លោកបានលើកពីប្រវត្តិរបស់ ស.ស.យ.ក. ដោយបានបង្កើតឡើងតាំងពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលមានឈ្មោះថា សមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងគោលបំណងផ្តួលរំលំរបបប្រល័យពូជសាសន៍ ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រធានទី១។
ស្មារតី២ធ្នូ គឺការទុកផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក ហើយរួមគំនិតគ្នាដើម្បីគិតគូរផលប្រយោជន៍រួមជាធំ។ ក្នុងន័យនេះ សមាជិក ស.ស.យ.ក. ទាំងអស់សុទ្ធតែមានការងារស្នូលរៀងៗខ្លួន ប៉ុន្តែនៅពេលពាក់អាវ ស.ស.យ.ក. ហើយបំពេញភារកិច្ច គឺយើងត្រូវរួមចិត្តធ្វើកិច្ចការក្នុងគោលដៅតែមួយ ដើម្បីផលប្រយោជន៍ប្រទេសជាតិ។ លោកក៏បានលើកឡើងផងដែរថា និស្សិតអាចធ្វើការសិក្សារៀនសូត្រតាមរយៈការសិក្សាទ្រឹស្តីនិងមេរៀននៅក្នុងថ្នាក់ ការសង្កេតលើបុគ្គលឆ្នើមដែលជោគជ័យ និងការរៀនសូត្រផង ធ្វើផងឱ្យការងារបង្រៀន។
លោកបានលើកឡើងបន្ថែមទៀតថា «ការចូលជាសមាជិក ស.ស.យ.ក. ត្រូវការចិត្ត ឆន្ទៈ និងបេះដូងក្នុងការលះបង់ ដើម្បីជួយដល់សង្គមជាតិ»។
បន្ថែមលើនេះ លោកបានលើកឡើងអំពីអត្ថប្រយោជន៍នៃការចូលជាសមាជិក ស.ស.យ.ក. ទទួលបាននូវបទពិសោធលើការងារស្ម័គ្រចិត្ត ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពខ្លួនឯង ការនិយាយជាសាធារណៈ ការដឹកនាំមនុស្ស របៀបធ្វើការជាក្រុម និងធ្វើជាជនគំរូសម្រាប់អ្នកដទៃ រួមទាំងធ្វើការឆ្លើយបកស្រាយយ៉ាងក្បោះក្បាយនូវសំណួរល្អៗជាច្រើនពីនិស្សិតនាពេលនោះផងដែរ៕