(បាត់ដំបង)៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំរកា និងឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ ចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តរកា ក្នុងឃុំរកា និងវត្តពោធិ៍លង្ការ នៅឃុំកំពង់ព្រៀង។

ដោយសទ្ធាជ្រះថ្លា លោក កែវ រ៉េមី និង លោកជំទាវ បុត្រា បុត្រី ចៅស្រី រួមជាមួយក្រុមការងារចុះជួយមូលដ្ឋានឃុំទាំងពីរ បានប្រគេនទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួន ដើម្បីឧទ្ទិសកុសល្យផលបុណ្យ ជូនដល់ញាតិកាលទាំង០៧សន្ដាន និងដួងព្រលឹងយុទ្ធជនយុទ្ធនារីទាំងអស់ដែលបានពលីកម្ម បូជាសាច់ស្រស់ឈាមស្រស់ ជួយរំដោះការពារទឹកដី នាំយកនូវសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជា។

លោក កែវ រ៉េមី បានឱ្យដឹងថា ពិធីបុណ្យកាន់បិណ្ឌ គឺតែងតែប្រារព្ធធ្វើជាប្រពៃណីតាំងពីបរមបុរាណតរៀងមក មានគោលបំណងដើម្បីទុកលទ្ធភាពឱ្យព្រះសង្ឃគ្រប់ព្រះអង្គ ដែលគង់ចាំព្រះវស្សា នៅក្នុងទីអារាម ទទួលការផ្គត់ផ្គង់ពីពុទ្ធបរិស័ទចំណុះជើងវត្តទំនុកបម្រុងព្រះសង្ឃ គង់ចាំព្រះវស្សាក្នុងវត្តរយៈពេល ៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា និងក៏ជាការរំឭកដល់វិញ្ញាណក្ខន្ធបុព្វការីជន ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ។

លោកបានបន្តថា បន្ទាប់ពីកំលុងនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈយុទ្ធសាស្រ្តស្រោចវ៉ាក់សាំងនៅទូទាំងប្រទេស ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ បានធ្វើឱ្យប្រជាពលរដ្ឋមានឱកាសបានជួបជុំ និងគោរពប្រណិបត្តិ សាសនា តាមជំនឿរៀងៗខ្លួន ជាពិសេសធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

ជាមួយគ្នានេះដែរ លោកក៏បានក្រើនរំលឹក និងអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឱ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តនូវវិធានសុវត្ថិភាព បទបញ្ជាផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ឱ្យបានគ្រប់ៗគ្នា និងប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវការអនុវត្តវិធានការ «៣ការពារ និង៣កុំ»។

ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌវេនទី៨នេះដែរ ក្រុមការងារបានប្រគេនទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួន ដល់ព្រះសង្ឃទាំង២វត្ត ដោយក្នុង១វត្ត រួមមាន៖ ស្លាដក អង្ករ ២បាវ, មី២កេស, ទឹកក្រូច ១កេស, ទឹកសុទ្ធ ២កេស, ទឹកត្រី ២យួរ, ទឹកស៊ីអ៊ីវ ២យួរ ត្រីខ ២យួរ និងម៉ាស ៥០កញ្ចប់៕