(ភ្នំពេញ)៖ ចាប់តាំងពីឆ្នាំ១៩៩២មក ប្រជាជននិងរដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ជំនួយឥតសំណង និងជំនួយបច្ចេកទេសដល់កម្ពុជាប្រមាណ១.៣ប៊ីលានដុល្លារអូស្ត្រាលី សម្រាប់ជួយលើវិស័យកសិកម្ម អប់រំនិងបណ្តុះបណ្តាល សុខាភិបាល អភិបាលកិច្ច បោសសម្អាតមីន ជាពិសេសជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងអំណរគុណដល់ប្រជាជននិងរដ្ឋាភិបាលអូស្ត្រាលីដែលបានផ្តល់ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេសដល់កម្ពុជាប្រមាណ១.៣ប៊ីលានដុល្លារអូស្ត្រាលី ចាប់តាំងពីឆ្នាំ១៩៩២មក។
លោកបានថ្លែងថា «ជំនួយទាំងនោះបានជួយមកកម្ពុជាលើវិស័យជាច្រើន ដូចជា កសិកម្ម អប់រំនិងបណ្តុះបណ្តាល សុខាភិបាល អភិបាលកិច្ច បោសសម្អាតមីន ជាពិសេសជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលបានរួមចំណែកធ្វើឱ្យកម្ពុជាអាចបើកប្រទេសឡើងវិញ និងជំរុញការស្តារសេដ្ឋកិច្ចបានឆាប់រហ័ស»។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ អូស្ត្រាលីបានផ្ដល់ជំនួយដល់កម្ពុជាក្នុងការអនុវត្តកម្មវិធីអភិវឌ្ឍន៍ថ្មីមួយទៀត គឺកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP-RED) ដែលមានទឹកប្រាក់ចំនួន៨៧លានដុល្លារអូស្ត្រាលី ឬស្មើនឹងជាង៥៨លានដុល្លារអាមេរិក។ គម្រោងនោះផ្តោតសំខាន់លើវិស័យធំៗ៤ គឺហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្មនិងវិនិយោគ កសិកម្មនិងកសិឧស្សាហកម្ម សមភាពយេនឌ័រនិងបរិយាប័ន្នសង្គម ដែលរួមមានទាំងការគិតគូរអំពីបម្រែបម្រួលអាកាសធាតុ និងភាពធន់នឹងអាកាសធាតុ។
លោក វង្សី វិស្សុត បានបន្តទៀតថា ភាពខ្លាំងរបស់ប្រទេសអូស្ត្រាលី គឺជាផ្ដល់នូវភាពល្អប្រសើរសម្រាប់តំបន់ រួមទាំងប្រទេសកម្ពុជា ហើយវិបុលភាពរបស់ប្រទេសកម្ពុជាក៏ជាភាពល្អប្រសើរសម្រាប់តំបន់ រួមទាំងប្រទេសអូស្ត្រាលីវិញផងដែរ។
នាពិធីដាក់ឱ្យដំណើរការកម្មវិធី CAP-RED នៅខេត្តសៀមរាប លោក Tim Ayres សមាជិកព្រឹទ្ធសភា និងជាអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងក្រសួងផលិតកម្មអូស្ត្រាលី ក៏បានរំឭកអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្រ្តាលី ខណៈនៅឆ្នាំ២០២២នេះគឺជាខួបគម្រប់៧០ឆ្នាំនៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ៕