(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា លោក គុយ លាងគី និងមិត្តភក្តិអតីតសិស្សវិទ្យាល័យកំពង់ធំឆ្នាំ១៩៨២ បានចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តឥន្ទ្រីសំវរៈ (ហៅវត្តកំពង់ធំ) នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។
លោកស្រី ឃួន ឃុនឌី បានបញ្ជាក់ថា បច្ចុប្បន្នយើងបានកសាងប្រទេសពីបាតដៃទទេ ដោយខិតខំស្តារនិងកសាងឡើងវិញជាបណ្តើរៗនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា ផ្លូវថ្នល់ ស្ពាន ទំនប់ ប្រឡាយ សាលារៀន មន្ទីរពេទ្យ និងវត្តអារាម តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានអនុវត្តដោយជោគជ័យនូវដំណើរការ
សមាហរណកម្មអតីតតំបន់ត្រួតត្រាដោយខ្មែរក្រហម ចូលក្នុងសង្គមជាតិ និងធ្វើសន្តិភាវូបនីយកម្ម ប្រទេសជាតិទាំងមូល លើមូលដ្ឋានបង្រួបបង្រួមជាតិដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិនិងឯកភាពទឹកដីទាំងស្រុង។
លោកស្រីបន្តថា ជារៀងរាល់ឆ្នាំនៅក្នុងរដូវនៃពិធីបុណ្យកាន់បិណ្ឌ ប្រជាពុទ្ធបរិស័ទតែងតែរួមគ្នាធ្វើបុណ្យធ្វើទានតាមទីអារាម ដោយមាននាំយកនូវគ្រឿងសក្ការបូជាមានទៀនធូបផ្កាភ្ញីបូជាចំពោះព្រះពុទ្ធអង្គ និងព្រះរតនត្រ័យ និងទេយ្យទាន មានគ្រឿងឧបភោគ-បរិភោគជាច្រើនមុខ រួមនិងបច្ច័យយកមកប្រគេនព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន សាច់សារលោកហិត។
ការចូលរួមកាន់បិណ្ឌរបស់លោកស្រីនិងមិត្តភក្តិនេះដែរ ដើម្បីធ្វើបុណ្យឧទ្ទិសកុសលផលបុណ្យដល់កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីមរណៈក្នុងបុព្វហេតុជាតិមាតុភូមិដែលបានចែកឋានទៅកាន់លោកខាងមុខនោះ។
ការចូលរួមនោះគឺបានបញ្ជាក់នូវការសាមគ្គីភាពរវាងមិត្តភក្តិរួមជំនាន់ទាំងអស់ និងបង្ហាញជាគំរូឱ្យយុវជនជំនាន់ក្រោយបានឃើញអំពីសកម្មភាពមនុស្សធម៌ ក៏ដូចជាការចូលរួមជាមួយនឹងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
ទិដ្ឋភាពនេះដែរក៏ជាការបង្ហាញឱ្យឃើញនូវទឹកចិត្តជ្រះថ្លាតែងតែជួយគ្នាទៅវិញទៅមករបស់ប្រជាពលរដ្ឋខ្មែរ និងចង់ថែរក្សាវប្បធម៌ប្រពៃណីការគោរពប្រតិបត្តិព្រះពុទ្ធសាសនា។
លោកស្រីក៏បានអំពាវនាវដល់យុវជនទាំងអស់ត្រូវជៀសឱ្យឆ្ងាយអំពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ធ្វើអំពើល្អឱ្យបានច្រើន បង្កើនការស្រឡាញ់ និងចូលរួមអភិវឌ្ឍប្រទេសជាតិទាំងអស់គ្នា ដើម្បីឱ្យប្រទេសជាតិមានការរីកចម្រើន។
ក្នុងពិធីកាន់បិណ្ឌវេនទី៨នេះដែរ លោកស្រី ឃួន ឃុនឌី និងលោក គុយ លាងគី និងមិត្តភក្តិអតីតដសិស្សវិទ្យាល័យកំពង់ធំឆ្នាំ១៩៨៥ បាននាំយកថវិកាមួយចំនួននិងសម្ភារៈប្រគេនដល់ព្រះសង្ឃចែកជូនដល់លោកយាយលោកតានូវក្រមា១ និងថវិកា៥ពាន់រៀលផងដែរ៕