(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានបើកការបង្ក្រាបបទល្មើសល្បែងស៉ីសងសរុប៣៤ករណី ឃាត់ខ្លួនមនុស្សចំនួន៦៤នាក់នៅតាមខណ្ឌចំនួន១១ ត្រឹមរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ១៧-១៨ ខែកញ្ញានេះ។ នេះបើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបញ្ជាក់មកកាន់ Fresh News នៅថ្ងៃអាទិត្យនេះ។

លោកវរសេនីយ៍ឯក សាន សុខសីហា បានឱ្យដឹងថា «ប្រតិបត្តិការបង្ក្រាបល្បែងស៉ីសងខុសច្បាប់ គិតតាំងពីម្សិលមិញរហូតដល់ថ្ងៃនេះម៉ោង១២ថ្ងៃត្រង់ យើងបង្ក្រាបបាន៣៤ករណី ឃាត់ខ្លួនមនុស្សបាន៦៤នាក់ នៅតាមបណ្ដាខណ្ឌចំនួន១១»

លោកវរសេនីយ៍ឯកបានបន្តថា ក្នុងចំណោមនុស្សដែលឃាត់ខ្លួនបានទាំង៦៤នាក់នោះ មានទាំងជនជាតិចិន១០នាក់ ជនជាតិកូរ៉េ១នាក់ និងជនជាត់អារ៉ាប់១នាក់ ក្រៅពីនោះជាជនជាតិខ្មែរ។

លោកអ្នកនាំពាក្យបានបញ្ជាក់លម្អិតថា ការបង្ក្រាបនៅក្នុងខណ្ឌទាំង១១នោះ រួមមាន៖
១. ខណ្ឌចំការមនបង្ក្រាបបាន២ករណី ឃាត់ខ្លួន៩នាក់
២. ខណ្ឌបឹងកេងកងបង្ក្រាបបាន៧ករណី ឃាត់ខ្លួន១១នាក់
៣. ខណ្ឌដូនពេញបង្ក្រាបបាន១ករណី ឃាត់ខ្លួន១នាក់
៤. ខណ្ឌទួលគោកបង្ក្រាបបាន៤ករណី ឃាត់ខ្លួន៦នាក់
៥. ខណ្ឌដង្កោបង្ក្រាបបាន២ករណី ឃាត់ខ្លួន២នាក់
៦. ខណ្ឌមានជ័យបង្ក្រាបបាន២ករណី ឃាត់ខ្លួន៤នាក់
៧. ខណ្ឌច្បារអំពៅបង្ក្រាបបាន១ករណី ឃាត់ខ្លួន២នាក់
៨. ខណ្ឌឫស្សីកែវបង្ក្រាបបាន២ករណី ឃាត់ខ្លួន៣នាក់
៩. ខណ្ឌជ្រោយចង្វារបង្ក្រាបបាន៣ករណី ឃាត់ខ្លួន៤នាក់
១០. ខណ្ឌសែនសុខបង្ក្រាបបាន២ករណី ឃាត់ខ្លួន១៤នាក់
១១. ខណ្ឌកំបូលបង្ក្រាបបាន៨ករណី ឃាត់ខ្លួន៨នាក់។

គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាយ៉ាងដាច់ណាត់ឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ។ ប្រសិនបើអភិបាលរាជធានី/ខេត្ត អភិបាលក្រុង/ស្រុក/ខណ្ឌរូបណាមិនទទួលខុសត្រូវលើតួនាទី បណ្តោយឱ្យល្បែងស៉ីសងរីកសាយភាយក្នុងមូលដ្ឋានរបស់ខ្លួន សម្ដេចតេជោមិនស្ទាក់ស្ទើរក្នុងការដកចេញពីមុខតំណែងនោះឡើយ៕