(ប៉ៃលិន)៖ លោក កើត សុធា អភិបាលខេត្តប៉ៃលិន ចូលរួមក្នុងពីធីបំពាក់ឯកសណ្ឋានដល់ប្រជាការពារភូមិទាំង១១ ក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦នេះ។ ក្នុងពិធីនេះដែរ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន លោកប្រធាន អនុប្រធានមន្ទីរ លោកអភិបាលក្រុង និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានលើកឡើងថា «ប្រជាការពារភូមិ យើងបានបង្កើតឡើង និងបានចូលរួមក្នុងការអនុវត្តការងាររបស់ខ្លួន មកជាយូហើយ គឺគ្រាន់តែមិនទាន់បានបំពាក់ឯកសណ្ឋានអោយបានច្បាស់លាស់ប៉ុណ្ណោះ»។ ការបំពាក់ឯកសណ្ឋានដល់ប្រជាការពារភូមិ៥៤នាក់ ក្នុងសង្កាត់ទួលល្វានាពេលនេះ គឺជាការលើកទឹកចិត្តបន្ថែមទៀត ដល់ប្រជាការពារភូមិ ក្នុងការអនុវត្តការងាររបស់ខ្លួនបានកាន់តែសកម្ម ដែលជាយន្តការមួយរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពអោយទទួលបានលទ្ធផលល្អប្រសើរ។
លោកអភិបាលខេត្ត បន្តថា ប្រជាការពារភូមិ គឺជាអ្នកស្ម័គ្រចិត្តក្នុងការជួយដល់មេភូមិ មេឃុំ ហ៊ានលះបង់ពេលវេលា កំលាំងកាយ ចិត្ត ក្នុងការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងភូមិដ្ឋានរបស់ខ្លួន ហើយប្រជាការពាភូមិ ជាជនគំរូក្នុងភូមិ ត្រូវមានចរិកលក្ខណៈល្អប្រសើរ ស្លូតបូត មានអធ្យាស្រ័យ មានការសាមគ្គី សហការគ្នាបានល្អ ជាមួយលោកមេភូមិ មេឃុំចៅសង្កាត់ នគរបាលរដ្ឋបាលឃុំ-សង្កាត់ និងត្រូវមានសណ្តានចិត្ត ចេះជួយទុក្ខធុរៈដល់ប្រជាពលរដ្ឋក្នុងភូមិ។
លោកបន្ថែមថា ក្នុងតួនាទីប្រជាការពារភូមិ ត្រូវសហការ ផ្តល់ព័ត៌មាន ដល់នគរបាលរដ្ឋបាលឃុំ-សង្កាត់ ទប់ស្កាត់ការលែងល្បែងស៊ីសង ការជួញដូរប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង អំពើរហឹង្សារក្នុងគ្រួសារ ការជួញដូរមនុស្ស ជួញដូរស្រ្តី និងកុមារ អំពើចោរលួច ចោប្លន់ជាដើម ដែលជាការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពអោយទទួលបានលទ្ធផលល្អប្រសើ។
លើសពីនេះទៅទៀត លោក បានណែនាំសូមអោយប្រជាការពារភូមិទាំងអស់ មិនត្រូវយកឯកសណ្ឋានប្រជាការពារភូមិ ទៅប្រព្រឹត្តអំពើល្មើសច្បាប់ ឬពិសារស្រាស្រវឹង ឡូឡាតាមទីសាធារណៈឡើយ។ ម្យ៉ាងទៀតត្រូវចូលរួម ណែនាំដល់ប្រជាពលរដ្ឋ អោយអនុវត្តច្បាប់ចរាចរណ៍ឱ្យបានខ្ចប់ខ្ជួន កុំពិសារគ្រឿងស្រវឹងនៅពេលបើកបរ បើកបរត្រូវគោរពសិទ្ធអទិភាពអ្នកដទៃ កុំបើកបរហួសល្បឿនកំណត់ បើកម៉ូតូត្រូវពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយផង។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បាននិយាយថា ប្រជាការពារភូមិជាជំនួយការអោយលោកមេភូមិ មេឃុំ និងនគរបាលរដ្ឋបាលឃុំ-សង្កាត់ ក្នុងការចូលរួមថែរក្សាសុន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានភូមិ ឃុំរបស់ខ្លួន និងកិច្ចការសង្គមផ្សេងៗទៀត មានដូចជា ការរៀបចំពិធីបុណ្យទាន អាពាហ៍ពិពាហ៍ ការផ្សព្វផ្សាយច្បាប់ សេចក្តីណែនាំផ្សេងៗជូនដល់ប្រជាពលរដ្ឋ ការទប់ស្កាត់អពើឃោសនាញោះញង់ បំពុលបរិយាកាសសង្គម បង្កអស្ថេរភាពនយោយបាយជាដើម។
លោកបានបន្តថា ប្រជាការពារភូមិ មិនមែនជានគរបាលយុត្តិធម៌ គ្មានសិទ្ធក្នុងការកសាងសុំណុំរឿងបញ្ជូទៅតុលាការទេ តែមានសិទ្ធសហការ ផ្តល់ព័ត៌មានពីបទល្មើស មកកាន់សមត្ថកិច្ចនគរបាល ហើយអាចចាប់ជនសង្ស័យបញ្ជូនមកអោយនគរបាលរដ្ឋបាលឃុំ-សង្កាត់ ក្នុងករណីមានបទល្មើសជាក់ស្តែង ក្នុងភូមិរបស់ខ្លួន៕