(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាចំពោះបុណ្យភ្ជុំបិណ្ឌ កាន់បិណ្ឌ បើពោលអំពីកិច្ចពិធីបោះបាយបិណ្ឌ ជាកិច្ចពិធីមួយសំខាន់ណាស់ដែលមានប្រវត្ដិតាំងពីរាប់ពាន់ឆ្នាំរៀងមក។ នេះបើយោងតាម សិលាចារឹកK279 ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ ឆ្នាំ៨៨៩-៩០០ ហៅពិធីបុណ្យភ្ជុំបិណ្ឌថា «សា្រទ្ធ» ព្រះអង្គត្រាស់បង្គាប់ឲ្យគេធ្វើពិធីបោះបាយបិណ្ឌនៅមាត់បារាយយសោធរតដាក ដើម្បីជួយអ្នកស្លាប់ដោយប្រការផ្សេងៗ គ្រប់ទីកន្លែងដែលគ្មានគេធ្វើបុណ្យឲ្យនោះ អាចទៅចាប់កំណើតជាថ្មីបាន។

ហេតុនេះកិច្វពិធីបោះបាយបិណ្ឌ ជាការឧទ្ទិសដល់បុព្វការីជន ជីដូនជីតា ឪពុកម្ដាយ យុទ្ធជនពលីក្នុងសង្រ្គាម កុមារកំព្រា អ្នកស្លាប់ដោយប្រការផ្សេងៗ ដូចជាជាក់ស្ដែងក្នុងប្រវត្ដិសាស្រ្ដថ្មីៗនេះ គឺឧទ្ទិសទៅដល់បងប្អូនសាច់សារលោហិតស្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលបានចែកឋានទៅ ដោយពុំបានធ្វើបុណ្យ ឬក៏បានធ្វើបុណ្យដែរតែអាចភ្លាំងភ្លាត់ដោយប្រការណាមួយ ពុំបានតាមគន្លងធម៌នាំកើតជាប្រេត ពុំអាចចាប់ជាតិជាថ្មីបានហ្នឹងឯង។ នេះបញ្ជាក់ថា កិច្ចពិធីបោះបាយបិណ្ឌសំខាន់ណាស់ សម្រាប់អ្នកនៅរស់ដើម្បីជួយតម្រង់ផ្លូវអ្នកស្លាប់ឲ្យទៅតាមគន្លង់ធម៌។

បើពោលឲ្យចំ កិច្ចពិធីបោះបាយបិណ្ឌជាការសំដៅដល់អ្នកស្លាប់ ដោយពុំបានធ្វើបុណ្យតាមគន្លងធម៌ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ វប្បធម៌ និងអារ្យធម៌ដ៏ថ្កើងថ្កានរបស់ព្រះនគរខ្មែរតំាងពីបុរាណរៀងមក។ ដូចនេះខេមរជនត្រូវចាត់ទុកថា កិច្ចពិធីបោះបាយបិណ្ឌជាបេតិកភណ្ឌវប្បធម៌អរូបីដ៏ប្រពៃថ្លៃថ្លារបស់ព្រះនគរខ្មែរ។

ទន្ទឹមនឹងនេះអ្នកជំនាញអារ្យធម៌ខ្មែរ ក៏បានថ្លែងទាត់ចោលផងដែរ ចំពោះមតិខ្លះដែលបានរិះគន់ក្ដែងៗថា កិច្ចពិធីបោះបាយបិណ្ឌជាទង្វើធ្វើបុណ្យមិនត្រឹមត្រូវជាជំនឿឥតប្រយោជន៍ និងនាំឲ្យសេដ្ឋកិច្ចខាតបង់សព្វបែបយ៉ាង។

ត្រង់ចំណុចរិះគន់ទាំងនេះ លោក រត្ន័ សណ្ដាប់ បញ្ជាក់ថាចំពោះប្រពៃណីទំនៀមទម្លាប់របស់ជាតិសាសន៍នីមួយៗ វាមានគុណតម្លៃរបស់ជាតិនីមួយៗ ជាបែបបទនៃការរស់នៅរបស់ មនុស្សក្នុងសង្គមដែលអង្គការ UNESCO ហៅថា បេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ។ មានន័យថាប្រពៃណីនីមួយៗ យើងត្រូវតោងសិក្សាស្វែងយល់ រកហេតុផល តម្លៃ និងការប្រតិបត្តិនោះឲ្យបានវែងឆ្ងាយពុំមែនគ្រាន់តែឃើញហើយខ្លួនមិនពេញចិត្តដោយសារគំនិតសតិអារម្មណ៍របស់ខ្លួន គិតបែបសេដ្ឋកិច្ច នយោបាយ សាសនា ជំនឿ និងនិន្នាការមនោគមវិជ្ជាបែរជា កើតក្តីទោមនស្ស ប្រទូសទ្រុះខឹងប្រមាថនោះទេ។

ម្យ៉ាងទៀតនៅលើពិភពលោកនេះ មានប្រទេសច្រើនណាស់ដែលគេមានទំនៀមទម្លាប់ប្រពៃណីប្លែកៗរាប់មិនអស់ ហើយគេមិនយល់ថា ជំនឿប្រពៃណីរបស់ជាតិសាសន៍គេ គឺបង្ហិនខ្ជាះខ្ជាយនោះដែរ។ គេមិនបកស្រាយ តាមតែអំពើចិត្ត នឹកឃើញរៀងៗខ្លួនឡើយ ។

មួយវិញទៀត យើងមិនអាចយល់ជ្រៅទៅឆ្ងាយបានឡើយ បើយើងគ្រាន់តែយកមនោសញ្ចេតនា និងការចេះធម៌វិន័យបែបយើងសម័យថ្មី ទៅបកស្រាយប្រពៃណី វប្បធម៌ខ្មែរដែលមានវ័យចំណាស់ដ៏ជ្រាលជ្រៅ និងសម្បូណ៌បែបតាំងតែពីសម័យបុរាណរៀងមកនេះ។

បើពោលឲ្យខ្លីទៅទៀត ដូនតាយើងកើតមុនយើង នៅជិតសម័យព្រះ ស្គាល់គម្ពីរព្រះមុនយើងរាប់ពាន់ឆ្នាំ។ យើងទេដែលទើបតែកើតម្ង៉ៃណោះសោះ មិនគួរធ្វើខ្លួនដូចចេះសម្បើមណាស់ និយាយបកស្រាយតាមបែបប៉ប៉ាច់ប៉ប៉ោច បោចរោចប្រពៃណីជាតិសាសន៍ខ្លួនឯង តាមតែទំនើងចិត្ត ឥតគិតក្រែង ស្វះស្វែងរកយល់ន័យសេចក្តីអ្វីឲ្យបានវែងឆ្ងាយនឹងគេសោះ។ ពីព្រោះការយល់តាមអារម្មណ៍ផ្ទាល់ខ្លួន ការចេះក្បួនគម្ពីរតែមួយជ្រុង នឹងធ្វើឲ្យយើងដឹងតែមួយជ្រុង គឺពុំអាចមើលឃើញអ្វីៗវែងឆ្ងាយ យូរអង្វែង និងធំធេងក្នុងវប្បធម៌ខ្មែរ ដែលមានប្រវត្តិដ៏យូរលង់មកនេះបានទេ។

ដូច្នេះចំពោះកិច្ចពិធីបោះបាយបិណ្ឌ គឺជាមរតកជាតិដ៏ត្រចះត្រចង់ និងសម្បូណ៌បែបនូវការគោរពដឹងគុណបុព្វការីជនគ្រប់ជំនាន់ទាំងអស់ ដោយផ្សារភ្ជាប់រវាងអតីត បច្ចុប្បន្ន អនាគត កុំឲ្យភ្លេចជាតិ៕