(គែរ-អារ៉ាប់អេហ្ស៉ីប)៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ លោកអ៊ុក សារុន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជា បាននាំយកព្រះរាជសារតាំង លោកជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប និងសារដក ប្រគល់ជូន លោក អាប់ដែល ហ្វាតតា អែល ស៊ីស៊ី ប្រធានាធិបតី នៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ដោយផ្ទាល់។

ក្នុងឱកាសនោះ លោកឯកអគ្គរាជទូត បាននាំនូវសេចក្តីនឹករលឹក និងប្រទានពរពីព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រធានាធិបតី លោក អាប់ដែល ហ្វាតតា អែល ស៊ីស៊ីផងដែរ។

ជាចុងក្រោយលោកបានលើកឡើងថា ក្នុងអាណត្តិរបស់លៅកជាឯកអគ្គរាជទូត សន្យានឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីរឹតចំណងមិត្តភាពជាប្រពៃណី ឲ្យកាន់តែស្អិតរមួត និងអនុវត្តន៍កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពី កម្ពុជា-អេហ្ស៊ីប ដើម្បីផលប្រយោជន៍ប្រជាជន នៃប្រទេសទាំងពីរ៕