(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងលោក ប៊ុន ឈួន ប្រធានក្រុមប្រឹក្សាស្រុកតាំងគោក ព្រមទាំងសប្បុរសជនបានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់លោក ស្រី វុទ្ធី ចែកជូនដល់ពលរដ្ឋមានជីវភាពលំបាកចំនួន២០គ្រួសារ នៅភូមិឈូក ភូមិកំចាយមា ភូមិប្រខ្នាយ ឃុំទ្រៀល ស្រុកតាំងគោក នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២។
អំណោយដែលចែកជូនមាន២០គ្រួសារដោយ១គ្រួសារទទួលបាននូវអង្ករ២៥គីឡូ មី១កេស ទឹកស៊ីអ៉ីវ១យួ ទឹកត្រី១យួ ទឹកដោះគោក ទឹកសុទ្ធ និងថវិកា៥ម៉ឺនរៀល។
សកម្មភាពសប្បុរសធម៌នេះគឺកើតចេញពីការយកចិត្តព្រួយបារម្ភពីសុខទុក្ខប្រជាពលរដ្ឋ និងមានការណែនាំចង្អុលបង្ហាញជារឿយៗពីលោក ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ។ ក្នុងឱកាសនោះ លោក ហាក់ ម៉ុងហួត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីប្រមុខដឹកនាំពិសេសគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកបានបន្តទៀតថា ថ្វីដ្បិតតែអំណោយទាំងនេះមិនច្រើន តែក៏អាចជួយសម្រាលបន្ទុកនូវការលំបាកក្នុងរយៈពេលខ្លី។ លោកក៏បានលើកទឹកចិត្តឱ្យពលរដ្ឋបន្តការប្រកបរបរ ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃដាំដំណាំ ចិញ្ចឹមសត្វ ក្នុងគោលបំណងកាត់បន្ថយនៃការចំណាយថវិកាពីការទិញមកពីខាង ក្រៅអ្វីដែលសំខាន់បន្លែទាំងនោះគ្មានជាតិគីមីមិនប៉ះពាល់សុខភាពថែមទៀតផង។
លោកក៏បានអំពាវនាវឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ១៩ដល់ខ្លួន ដល់ក្រុមគ្រួសារ ក៏ដូចជាសហគមន៍។ ករណីមានបញ្ហាមិនប្រក្រតីត្រូវរាយការណ៍មកអាជ្ញាធរភូមិ/ឃុំ។ លោកក៏សំណូមពរឱ្យអាជ្ញារធរនៅមូលដ្ឋានក្រោមឱវាទត្រូវចាត់ទុកប្រជាពលរដ្ឋដូចជាបងប្អូនពុកម៉ែរបស់ខ្លួន ស្ម័គ្រចិត្តបម្រើគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។
បន្ថែមពីនេះទៀត លោកក៏បានក្រើនរំលឹកដល់អាជ្ញាធរភូមិឃុំមន្រ្តីនគរបាលចូលរួមការពារសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋរបស់ខ្លួន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ជាពិសេសទប់ស្កាត់មិនឱ្យមានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីបង្ការបទល្មើសនានាដែលបង្កដោយសារល្បែងស៊ីសង។
ប្រជាពលរដ្ឋបង្ហាញនូវស្នាមញញឹម ព្រមទាំងថ្លែងអំណរគុណនូវការគិតគូរយកចិត្តទុកដាក់របស់លោកអភិបាលស្រុក ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា៕