(ពោធិ៍សាត់)៖ លោក ស៊ុយ សែម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ និងជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកស្រី ជា ខេង ជាភរិយា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានជួបជុំសំណេះសំណាលជាមួយនិវត្តជន អតីតយោធា/នគរបាល/មន្ត្រីស៉ីវិលទូទាំងស្រុកបាកានសរុប៣៥៧នាក់ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។
ពិធីសំណេះសំណាលនេះ រៀបចំដោយ លោក ម៉េង សក្តិធារ៉ា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាកាន រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ដោយមានការចូលរួមពីសមាជិកព្រឹទ្ធសភា តំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សាខេត្តស្រុក រួមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តពោធិ៍សាត់ និងសហការីក្រុមការងារថ្នាក់ជាតិ ប្រមាណជាង៥០០នាក់។
សមាគមនិវត្តជន បានដម្តែងនូវរីករាយយ៉ាងខ្លាំងនៅពេលបានថ្នាក់ដឹកនាំបន្តយកចិត្តទុកដាក់ ពិសេសពីសំណាក់គណបក្សប្រជាជនកម្ពុជាដែលតែងតែនៅរួមសុខទុក្ខជាមួយនិវត្តជន អតីតយុទ្ធជនជាដើម។
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីដឹងគុណដល់គុណបំណាច់ និងការលះបង់របស់អតីតយុទ្ធជនកន្លងមក លោក ស៊ុយ សែម បានផ្តាំផ្ញើការសួរសុខទុក្ខ និងការនឹករលឹកពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់អតីតយុទ្ធជន និវត្តជនទាំងអស់ និងបានជូនសម្ភារៈ ព្រមទាំងថវិកាមួយចំនួនផងដែរ៕