(ត្បូងឃ្មុំ)៖ បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីពុទ្ធាភិសេក បញ្ចុះលក្ខណ:ព្រះពុទ្ធរូបព្រះអង្គធំលើព្រះវិហារ និងកាន់បិណ្ឌវេនទី៨ វត្តសិលារង្សី (ត្រពាំងថ្កូវ) ភូមិត្រពាំងឫស្សី ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ដោយសទ្ធាជ្រះថ្លា រដ្ឋមន្ត្រី វង សូត និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានធ្វើការរាប់បាត្រ វេរប្រគេនចង្ហាន់ បង្សុកូល ដើម្បីឧទ្ទិសកុសល្យផលបុណ្យ ជូនដល់ញាតិកាលទាំង០៧សន្តាន និងដួងព្រលឹងយុទ្ធជនយុទ្ធនារីទាំងអស់ដែលបានពលីកម្ម បូជាសាច់ស្រស់ឈាមស្រស់ ជួយរំដោះការពារទឹកដី នាំយកនូវសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជានៃយើង។

មានប្រសាសន៍នាឱកាសនោះ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានឲ្យដឹងថា ពិធីបុណ្យកាន់បិណ្ឌ គឺតែងតែប្រារព្ធធ្វើជាប្រពៃណីតាំងពីបរមបុរាណតរៀងមក មានគោលបំណងដើម្បីទុកលទ្ធភាពឲ្យព្រះសង្ឃគ្រប់ព្រះអង្គ ដែលគង់ចាំព្រះវស្សា នៅក្នុងទីអារាម ទទួលការផ្គត់ផ្គង់ពីពុទ្ធបរិស័ទចំណុះជើងវត្តទំនុកបម្រុងព្រះសង្ឃ គង់ចាំវស្សាក្នុងវត្តរយៈពេល ៣ខែ ចាប់តាំងពីថ្ងៃចូលាវស្សារហូតដល់ថ្ងៃចេញវស្សា និងក៏ជារំឭកដល់វិញ្ញាណក្ខន្ធបុព្វការីជន ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ។

លោក បន្តថា បន្ទាប់ពីអំឡុងាការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈគោលនយោបាយយុទ្ធសាស្រ្តស្រោចវ៉ាក់សាំង នៅទូទាំងប្រទេស ដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ បានធ្វើអោយប្រជាពលរដ្ឋមានឱកាសបានជួបជុំ និងគោរពប្រណិបត្តិ សាសនា តាមជំនឿរៀងៗខ្លួន ជាពិសេសធ្វើអោយប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

ក្នុងឱកាសនោះដែរ លោក បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៧ ឆ្នាំ២០២២ ដែលនេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ អំពីការស្រលាញ់ពេញចិត្តការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន ដើម្បីដឹកនាំប្រទេស បន្តរក្សាសន្តិភាព និងការអភិវឌ្ឍបន្តទៀត និងសូមបន្តការគាំទ្រនេះ ក្នុងការបោះឆ្នោតអាណត្តិក្រោយៗទៀត ។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២២នេះ ជាពិធីមួយតាមបែបពុទ្ធសាសនា សម្រាប់ឧទ្ទិសកុសល ទៅដល់ប្រេតជនញាតិ ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ ហើយបានប្រារព្ធធ្វើ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២។

ជាមួយគ្នានោះ ដើម្បីចូលរួមចំណែកនិងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា រដ្ឋមន្ត្រី វង សូត និងលោកស្រី បាននាំយកនូវទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមកប្រគល់ជូនវត្តសិលារង្សី (ត្រពាំងថ្កូវ) រួមមាន ៖ អង្ករ ១០បេ ស្មើ៥០០គីឡូក្រាម ទឹកដោះ២កេសធំ ត្រីខ២កេសធំ មី ១០កេស ទឹកក្រូច១០កេស ស្ករស ២០គីឡូ ទឹកសុទ្ធ ១០កេះ សាដកចំនួន១០កញ្ចប់ បច្ច័យកសាងចំនួន៤៣.៩៥០.០០០រៀល ។ បន្ទាប់ពិធីបានចប់សព្វគ្រប់ប្រកបដោយភាពរីករាយ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ បានបន្តដំណើរចូលសំណេះសំណាលជាមួយបងប្អូនកម្មរ និងពិនិត្យការសាងសង់ព្រះវិហារ និងសមិទ្ធិផលនានា នៅវត្តពពេល ស្ថិតក្នុងឃុំពពេល ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ ដែលកំពុងដំណើរការសាងសង់សម្រេចបានប្រមាណ 30% ហើយគ្រោងនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាពាក់កណ្តាលឆ្នាំ២០២៣ ខាងមុខនេះ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់បងប្អូនកម្មករ និងបច្ច័យជូនគណកម្មការវត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌផងដែរ៕