(រតនគិរី)៖ ដោយអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចាប់ពីថ្ងៃទី១៧-១៨ ខែកញ្ញា កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងបានលុង ខេត្តរតនគិរី បានបង្ក្រាបទីតាំងចាក់ឆ្នោតឡូតូអេឡិចត្រូនិច ជល់មាន់អនឡាញ និងភ្នាល់បាល់អនឡាញសរុបចំនួន៩ទីតាំង ព្រមទាំងតម្រូវឱ្យធ្វើកិច្ចសន្យាអប់រំបញ្ឃប់សកម្មភាពខុសច្បាប់នេះជាបន្ទាន់។
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់រដ្ឋបាលក្រុង/ស្រុកទាំង៩ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវចុះធ្វើប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្រ្តខេត្តរតនគិរី។
គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានណែនាំទៅដល់អាជ្ញាធរ កងកម្លាំងគ្រប់ជាន់ថ្នាក់ត្រូវចូលរួមបង្ក្រាបនិងទប់ស្កាត់ល្បែងស៉ីសងនៅទូទាំងប្រទេស ដោយចាប់ពីពេលនេះតទៅ នៅមូលដ្ឋានភូមិឃុំ/សង្កាត់ ក្រុង/ស្រុកទាំងអស់មិនត្រូវឱ្យមានល្បែងស៉ីសងខុសច្បាប់នោះទេ។ ប្រសិនបើមូលដ្ឋានណាបណ្តែតបណ្តោយឱ្យមានល្បែងស៉ឺសងខុសច្បាប់ មូលដ្ឋាននោះជាអ្នកទទួលខុសត្រូវ ពោលគឺប្រឈមនឹងការដកហូតមុខតំណែងតែម្តង៕