(បាត់ដំបង)៖ អាជ្ញាធរពាក់ព័ន្ធនៅខេត្តបាត់ដំបងបានចេញធ្វើយុទ្ធនាការស្តីពីការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ន ព្រមទាំងចែកមួកសុវត្ថិភាព សៀវភៅច្បាប់ចរាចណ៍ផ្លូវគោក និងឯកសារអប់រំផ្សព្វផ្សាយពីចរាចរណ៍ជាច្រើនទៀត។
យុទ្ធនាការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍នេះធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ក្រោមការសហការរវាងសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងការិយាល័យចរាចណ៍ផ្លូវគោកខេត្ត ក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត។
លោក សុខ លូ បានបញ្ជាក់ថា បន្ទាប់ពីស្ថានភាពនៃជំងឺកូវីដ-១៩នៅកម្ពុជាមានសភាពធូរស្រាល បានបើកឱកាសដល់ការធ្វើដំណើរតាមដងផ្លូវកាន់តែមមាញឹក។ ជាមួយគ្នានោះ គ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហាគួរឱ្យព្រួយបារម្ភចំពោះសោកនាដកម្ម ហើយមូលហេតុចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះ គឺមកពីអ្នកបើកបរមួយចំនួនមិនគោរពច្បាប់ចរាចរណ៍ ក្នុងនោះមានដូចជាការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធអាទិភាព ការមិនគោរពសញ្ញាចរាចរណ៍ ការមិនពាក់មួកសុវត្ថិភាពឬពាក់មិនបានត្រឹមត្រូវ ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងការបើកបរក្នុងពេលស្រវឹងជាដើម។
លោកបានថ្លែងបន្តថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍គឺជារឿងដែលភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ដោះស្រាយទាំងអស់គ្នា ក៏ប៉ុន្តែបញ្ហាទាំងអស់នេះអាចចូលរួមទប់ស្កាត់ កាត់បន្ថយ និងត្រៀមបង្ការបានតាមរយៈការចូលរួមអនុវត្តច្បាប់របស់ពលរដ្ឋម្នាក់ៗ។
លោកថ្លែងថា «ភារកិច្ចរបស់អាជ្ញាធរ និងភាគីពាក់ព័ន្ធគឺត្រូវចុះអប់រំផ្សព្វផ្សាយ លើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋយើងចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា»។
លោក សុខ លូ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការច្បាប់ដ៏តឹងរឹងចំពោះបទល្មើសចរាចរណ៍ផ្លូវគោក។ ដើម្បីចៀសវាងពីការប្រឈមចំពោះផ្លូវច្បាប់ សូមប្រជាពលរដ្ឋគោរពនិងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្លួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុមរម្យនាក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់ខ្លួន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ។
សូមបញ្ជាក់ថា ក្នុងការអនុវត្តយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចណ៍នេះ ក្រុមការងារបានចែកជូនប្រជាពលរដ្ឋនូវសំណួរចម្លើយដើម្បីឈ្នះរង្វាន់មួកសុវត្ថិភាពចំនួន៤០មួក សៀវភៅច្បាប់ចរាចណ៍ផ្លូវគោក១៥០ក្បាល សៀវភៅម៉ូតូអ្វីដែលអ្នកបើកបរទោចក្រយាយយន្តត្រូវដឹង៣៥០ក្បាល លក្ខខណ្ណអ្វីខ្លះដែលអ្នកបើកបរត្រូវដឹង៤៥០សន្លឹក ប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកបើកបរប្រើប្រាសផ្លូវ៥០០សន្លឹក ខិត្តបណ្ណ/ចំណាំងផ្លាត៦០០បន្ទះ មួកសុវត្ថិភាព៣៥០ បណ្ណប្រកាសខ្ញុំអាចធ្វើបានគោរពសិទ្ធិជនពិការ៣៥០សន្លឹក បណ្ណប្រកាសមួកសុវត្ថិភាព៣៥០សន្លឹក និងជែលលាងដៃសម្លាប់មេរោគជាច្រើនសម្រាប់ជូនប្រជាពលរដ្ឋដែលធ្វើដំណើតាមដងផ្លូវផងដែរ៕