(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងយោងស្មារតីអង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញបានចុះបង្ក្រាបទីតាំងកត់ឆ្នោតកន្ទុយលេខវៀតណាមនៅតូបមួយជាប់ផ្លូវលេខ៥ ភូមិ៦ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ ដោយឃាត់ខ្លួនអ្នកកត់កន្ទុយលេខម្នាក់ ដកហូតវត្ថុមួយចំនួន។
ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ដឹកនាំដោយលោក ជា ខេមា អភិបាលខណ្ឌដូនពេញ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ និងលោកវរសេនីយ៍ឯក ថោង ពិសិដ្ឋ មេបញ្ចាការកងរាជវុធហ្ថតខណ្ឌដូនពេញ។
ក្នុងការបង្ក្រាបនោះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានឃាត់ខ្លួនអ្នកកត់ឆ្នោត១នាក់ ឈ្មោះ ម៉ៅ វិរៈ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងប្រព្រឹត្តបទល្មើស។
កម្លាំងបានដកហូតបានវត្ថុតាងមួយចំនួនរួមមាន ក្តាខៀនចំនួន១ ក្រដាសកត់ឆ្នោត និងក្រដាសគិតលុយ តុ២ កៅអី១០ កង្ហា១គ្រឿង ម៉ាស៉ីន១គ្រឿងតូច ត្រាចុះថ្ងៃខែ១ និងលុយ៣៦៧០០០រៀល ក្រោយធ្វើកំណត់ហេតុរួចទីតាំងត្រូវបានបិទ។
ជាមួយគ្នានោះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញក៏បានចុះទីតាំងសង្ស័យលបលួចលេងល្បែងស៉ីសងខុសច្បាប់ និងហាងកុងស៉ីបញ្ចាំខុសច្បាប់ក្នុងមូលដ្ឋានខណ្ឌដូនពេញ ឃើញថាមិនមានការលបលួចបើកឡើយ៕