(បន្ទាយមានជ័យ)៖ លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ជូនដល់សមាជិកបក្សនៅខេត្តបន្ទាយមានជ័យ។
លោក កែ គឹមយ៉ាន បានពាំនាំការសួរសុខទុក្ខ និងថ្លែងអំណរគុណពីថ្នាក់ដឹកនាំគណបក្សចំពោះសមាជិកសមាជិកាទាំងអស់ ដែលបានសាមគ្គីឯកភាពផ្ទៃក្នុងយ៉ាងរឹងមាំរួមគ្នាកសាងបាននូវសមិទ្ធផលរីកចម្រើន និងបន្តរក្សាបានសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ចរាចរណ៍។
លោកបានថ្លែងបន្តថា សមិទ្ធផលទាំងអស់មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើងពីការខិតខំប្រឹងប្រែងពុះពារជម្នះគ្រប់ឧបសគ្គ និងចំណងទាក់ទងរវាងសមាជិកគណបក្ស និងប្រជាជនទូទាំងប្រទេសមានជំនឿ និងគាំទ្រមាគ៌ាគណបក្សដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាពិសេសការតស៊ូលះបង់កម្លាំងកាយចិត្ត ពេលវេលា និងធនធានឥតគណនារបស់សមាជិកសមាជិកាទាំងអស់ ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាជន ដោះស្រាយបាននូវរាល់សំណើ សំណូមពរនានារបស់ប្រជាជនក្រោមទស្សនៈ «រួមសុខ រួមទុក្ខជាមួយប្រជាជន»។
ជាមួយគ្នានេះ លោក កែ គឹមយ៉ាន បានសំណូមពរដល់សមាជិកសមាជិកាទាំងអស់ត្រូវបន្តរួមគ្នាដើរតាមមាគ៌ាគណបក្សដឹកនាំដោយសម្តេចតេជោ បន្តពង្រឹងកម្លាំងសម្រាប់ការបោះឆ្នោតសកលឆ្នាំ២០២៣ ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោត បន្តដោះស្រាយសំណើសំណូមពរឱ្យមានប្រសិទ្ធភាពសម្រាប់មូលដ្ឋានរបស់ខ្លួន។ ជាមួយនេះត្រូវរួមគ្នាអនុវត្តនូវសេចក្តីសម្រេចស្តីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ក្នុងកិច្ចប្រជុំនោះដែរ លោក កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ បានផ្តល់អំណោយឧបត្ថម្ភដល់ប្រធាននិងអនុប្រធានបក្សឃុំសង្កាត់ចំនួន២០១នាក់ ក្នុងម្នាក់ៗថវិកា៥ម៉ឺនរៀល និងក្រុមការងារយុវជនគ្រប់ថ្នាក់ចំនួន៥២នាក់ ក្នុងម្នាក់ៗថវិកា៥ម៉ឺនរៀល៕