(កំពង់ឆ្នាំង)៖ យុវជនដែលរស់នៅក្រុងកំពង់ឆ្នាំងប្រមាណជាង១០០នាក់បានស្ម័គ្រចិត្តចូលរួមជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្រោមការប្ដេជ្ញាខិតខំអភិវឌ្ឍសមត្ថភាពឱ្យក្លាយទៅជាកម្លាំងពិតរបស់គណបក្ស សាមគ្គីភាពផ្ទៃក្នុងបក្សឱ្យបានល្អ និងបង្កើនទំនាក់ទំនងល្អ ដើម្បីពង្រឹងកិត្យានុភាពរបស់គណបក្ស។

ពិធីប្រកាសបញ្ចូលសមាជិកថ្មីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅស្នាក់ការបក្សប្រជាជនខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ដោយយោងសេចក្តីសម្រេចរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ដែលបានសម្រេចបញ្ចូលសមាជិកថ្មីជាយុវជនយុវនារីជាង១០០នាក់នេះជាផ្លូវការ។

នាឱកាសនោះ តំណាងសមាជិកថ្មីបានឡើងប្តេជ្ញាចិត្តខិតខំអភិវឌ្ឍសមត្ថភាពឱ្យក្លាយទៅជាកម្លាំងពិតរបស់គណបក្សប្រជាជនកម្ពុជា សាមគ្គីភាពផ្ទៃក្នុងបក្សឱ្យបានល្អ និងទំនាក់ទំនងល្អជាមួយមជ្ឈដ្ឋាននានាក្នុងសង្គម ដើម្បីពង្រឹងកិត្យានុភាពរបស់គណបក្ស។

ពួកគេក៏មានការគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត ដើម្បីដឹកនាំនាវាកម្ពុជាឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍទទួលបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។

ជាមួយគ្នានោះ លោក ស៊ុន សុវណ្ណារិទ្ធិ បានថែ្លងថា សមាជិកថ្មីទាំងអស់ពិតជាបានយល់ច្បាស់ពីគោលនយោបាយ ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើអ្វីៗទាំងអស់ដើម្បីប្រទេសជាតិនិងប្រជាជន។ គ្រប់អាណត្តិកន្លងមក គណបក្សប្រជាជនកម្ពុជាត្រូវបានប្រជាជនបោះឆ្នោតគាំទ្រជានិច្ច ហើយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានថ្នាក់ដឹកនាំមកពីគណបក្សប្រជាជន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

លោកបានបន្តថា យុវជនទាំងអស់សុទ្ធតែមានសមត្ថភាពពិតៗ ជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។ យុវជនជាស្នូលដ៏សំខាន់នៅក្នុងមូលដ្ឋាន ដើម្បីឱ្យមូលដ្ឋានរឹងមាំរីកចម្រើនទៅបាន ទាល់តែមានពួកគេចូលរួមឱ្យបានសកម្ម។

លោក ស៊ុន សុវណ្ណារិទ្ធិ បានបន្តទៀតថា គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សតែមួយគត់ដែលបានរំដោះប្រទេសជាតិនិងប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ គណបក្សប្រជាជនបានយកវប្បធម៌សន្ទនាចរចាស្វែងរកសន្តិភាពជាមួយសម្តេចព្រះនរោត្តម សីហនុ និងជាអ្នកយាងព្រះអង្គចូលប្រទេសគ្រងរាជសម្បត្តិឡើងវិញ បង្រួបបង្រួមជាតិខ្មែរតែមួយឡើងវិញ ក្រោមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ»