(ពោធិ៍សាត់)៖ អាជ្ញាធរខេត្តពោធិ៍សាត់ផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងអំពីអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ទាក់ទងនឹងការកាត់ឈ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ជូនដល់ពលរដ្ឋដែលរស់នៅយូរឆ្នាំនៅតំបន់ឃុំអូរសោម ស្រុកវាលវែង។

ការផ្សព្វផ្សាយនេះធ្វើឡើងនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ក្រោមវត្តមានលោក ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ នៅបរិវេណសាលាបឋមសិក្សាអូរសោម ដោយបានការចូលរួមពីលោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា លោក ទី ថានី អនុប្រធានទី១អាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកវាលវែង ព្រមទាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត។

លោក ចេង ឡៃ បានផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងដល់ស្រទាប់មហាជន ទាក់ទងនឹងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលើការកាត់ឈ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

លោកបានព្រមានដកហូតផ្ទៃដីបាតអាង និងចាត់វិធានការចំពោះមន្រ្តីខិលខូច និងប្រជាពលរដ្ឋទំាងឡាយណាដែលបានឃុបឃិតគ្នាលក់ដីរដ្ឋ ដោយអះអាងថានឹងយកដីទាំងនោះមករក្សាទុកជាប្រយោជន៍សហគមន៍ ព្រមទាំងផ្តល់លទ្ធភាពសម្រាប់ប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលជាក់ស្តែងយូរឆ្នាំ និងទុកជាដីបម្រុងរបស់ខេត្ត ដោយបែងចែកជាតំបន់ប៉ៃតង លឿង និងក្រហម។

លោក ចេង ឡៃ បានថ្លែងថា វ៉ារីអគ្គិសនីអាចដំណើរការទៅបាន គឺដោយសារយើងមានធនធានធម្មជាតិជាច្រើន (ព្រៃឈើ) ទើបបង្កើតបានជាទឹក ដូច្នេះបើពលរដ្ឋនៅតែកាប់រានទន្ទ្រានដីព្រៃ និងព្យាយាមលុបដីបាតអាងបន្តទៀតនឹងខាតបង់ប្រយោជន៍រួម និងផលប្រយោជន៍ជាតិយ៉ាងធំ ព្រោះត្រូវការរក្សាទុកព្រៃសហគមខ្លះដើម្បីជាប្រយោជន៍សហគមរស់នៅ។

លោក ចេង ឡៃ ក៏បានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចត្រូវបន្តពង្រឹងនិងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីជាភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ជាក់ស្តែងដូចជាករណីឆក់ត្រី ការកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់ ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងល្បែងស៊ីសងជាដើម ត្រូវបង្ក្រាបឱ្យខាងតែបាន។

ស្របពេលគ្នានោះ លោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា ក៏បានឧបត្ថម្ភថវិកា១លានរៀលប្រចាំខែ និងឧបត្ថម្ភកាណូតស្មាច់៣គ្រឿងជូនដល់រដ្ឋបាលឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងបរិស្ថាន ដើម្បីឆ្លើយតបជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងចាត់វិធានការបង្ក្រាបចំពោះបទល្មើសដែលកើតមាននៅក្នុងមូលដ្ឋាន។

ដោយសម្តែងនូវក្តីអាណិតស្រលាញ់ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ លោក អេង គន្ធា និងលោកស្រីបានបរិច្ចាកថវិកាផ្ទាល់ខ្លួនបោះពុម្ពអាវស្រលាញ់បរិស្ថាន និងនាំយកមីទៅចែកជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋក្នុងឃុំអូសោមប្រមាណជិត១ពាន់គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអាវ១ និងមី១កេស។ ដោយឡែកជនចាស់ជរា និងគ្រួសារជនជាតិដើមភាគតិចប្រមាណ៧០នាក់ ទទួលបានសម្លៀកបំពាក់ចាស់ទុំម្នាក់១ឈុត និងបានបន្តចាក់លែងកូនត្រីចម្រុះជិត១ម៉ឺនក្បាល ចូលក្នុងផ្ទៃទឹកអាងវ៉ារីអគ្គិសនីស្ទឹងអាតៃផងដែរ៕