(កំពង់ធំ)៖ ក្រុមអតីតសិស្សវិទ្យាល័យកំពង់ធំ ខេត្តកំពង់ធំ ឆ្នាំសិក្សា១៩៨២-១៩៨៥ បានរៀបចំពិធីជួបជុំសម្តែងការដឹងគុណលោកគ្រូអ្នកគ្រូនៅភោជនីយដ្ឋានរស្មីច័ន្ទពេញវង់ ស្ថិតនៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ពិធីនេះធ្វើឡើងនារាត្រីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ដោយផ្សារភ្ជាប់ជាមួយការបណ្ដុះគំនិតសាមគ្គីភាព តស៊ូជម្នះឧបសគ្គក្នុងការសិក្សា និងប្រកបមុខរបរការងារដល់សិស្សជំនាន់ក្រោយៗ។
លោក ហេង សុខារី ជាអតីតសិស្សបានលើកឡើងថា ការជួបជុំគ្នានេះមានគោលបំណងប្រមូលកៀរគរឡើងវិញនូវមិត្តភក្តិដែលបានបែកគ្នា បន្ទាប់ពីខកខានបានជួបគ្នាដោយសារវិបត្តិកូវីដ១៩ និងសម្តែងនូវការដឹងគុណដល់អតីតលោកគ្រូអ្នកគ្រូដែលធ្លាប់មានអនុស្សាវរីយ៍ក្នុងការខិតខំបណ្តុះបណ្តាលនូវការអប់រំទាំងកាយវាចារ្យ និងចិត្ត ដោយមិនគិតពីប្រាក់កម្រៃ ព្រមទាំងអាយុជីវិតដែលលោកគ្រូអ្នកគ្រូមួយចំនួនមានវ័យចាស់ ចូលនិវត្តន៍ ហើយខ្លះទៀតបានស្លាប់បាត់ជីវិតហើយដែរ។
លោកបន្តថា នេះជាលើកទី៧ហើយដែលបានការរៀបចំនេះ និងដើម្បីជាគំរូដែលបង្ហាញពីភាពសាមគ្គីគ្នាជាធ្លុងមួយ ដោយមិនមានភាពរើសអើង មិនប្រកាន់វណ្ណៈ ជាតិសាសន៍ មានក្រនោះឡើយ និងការប្រមូលគៀងគរនូវមិត្តភត្តិ ព្រមទាំងធ្វើការបង្ហាញនូវភាពជោគជ័យដែលកើតចេញពីការតស៊ូពីបាតដៃទទេក្លាយជាថ្នាក់ដឹកនាំ ឬអាជីវករ ដោយកើតចេញពីការតាំងចិត្តដ៏មុះមុត ជម្នះឧបសគ្គមិនរាថយ ដែលធ្វើឱ្យទទួលបានផ្លែផ្កាគួរជាទីពេញចិត្ត។
លោកក៏បានផ្តាំផ្ញើដល់អតីតសិស្សជួយជម្រុញអប់រំដល់កុមារ និងផ្សព្វផ្សាយដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ដើម្បីឱ្យខ្លួនក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អនៅពេលអនាគត និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរដ្ឋាភិបាលផងដែរ៕