(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានអះអាងថា លោកហ៊ានដេកក្នុងគុកដោយស្ងប់ចិត្ត ឱ្យតែប្រជាពលរដ្ឋខ្មែរនៅតែតស៊ូ ដើម្បីលទ្ធិប្រជាធិបតេយ្យ។ លោក កឹម សុខា បានអះអាងបែបនេះក្នុងពិធីជួបសំណេះសំណាល ជាមួយគណៈកម្មាធិការប្រត្តិបត្តិ ក្រុងស្រុងទាំង១៣ នៃខេត្តព្រៃវែង នៅទីស្នាក់ការកណ្តាលរបស់គណបក្ស នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦។ នេះបើតាមការផ្សព្វផ្សាយរបស់ គេហទំព័រព័ត៌មាន របស់គណបក្សសង្រ្គោះជាតិ ចេញផ្សាយនៅរសៀលថ្ងៃនេះ។
សូមជំរាបថា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ កន្លងទៅ រដ្ឋសភាបានបើកកិច្ចប្រជុំពេញអង្គ ពិនិត្យទៅលើសំណុំរឿងរបស់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដោយបានលើកដៃព្រមគ្នាបើកផ្លូវឲ្យតុលាការ និងសមត្ថកិច្ច អនុវត្តតាមច្បាប់ទៅលើលោក កឹម សុខា ក្នុងសំណុំរឿងដែលបានចោទប្រកាន់។
បន្ទាប់មកប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក ថាន់ ឡេង ចេញដីកាបង្គាប់ឲ្យចូលខ្លួន បំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង៩៖០០នាទី ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦។
បើតាមដីការបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ការបង្គាប់ឲ្យ លោក កឹម សុខា ចូលខ្លួនបំភ្លឺនេះ ពីបទបដិសេធក្នុងការចូលខ្លួន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ តាមបញ្ញត្តិមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យលោក កឹម សុខា ចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទប់ស៊ើបសួរអក្ស «ក១» ជាន់ទី៥ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៩៖០០នាទី ដើម្បីសាកសួរ ពីដំណើររឿង បដិសេធក្នុងការចូលខ្លួន៕