(រតនគិរី)៖ នាសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដឹកនាំដោយលោក គីម រិទ្ធី តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោក ប៊ូ ឡាំ តំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី និងជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា នៅគេហដ្ឋាននៃសព ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ គណៈប្រតិភូ ស.ស.យ.ក ចូលរួមរំលែកទុក្ខប្រកបដោយមនោសញ្ចេតនាដ៏សែនក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់លោក ប៊ូ ឡាំ តំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី និងជាសមាជិកគណៈកម្មការទី៤ នៃរដ្ឋសភា ដែលត្រូវជាស្វាមី ឪពុក ឪពុកក្មេក ជីតាជាទីស្រលាញ់ពោរពេញទៅដោយព្រហ្មវិហារធម៌ល្អប្រពៃ ជាអ្នកស្នេហាជាតិ សាសនា និងបានរួមសុខរួមទុក្ខជាមួយបងប្អូនជនជាតិជារៀងរហូត ព្រមទាំងបានធ្វើពលិកម្មដើម្បីរួមចំណែករំដោះជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងកសាងប្រទេសជាតិឡើងវិញរហូតទទួលបានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ។

លោក ប៊ូ ឡាំ បានទទួលមរណភាព កាលពីថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១២៖១២នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។ សពរបស់លោកត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា និងជនជាតិដើម នៅគេហដ្ឋានភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធលោកប៊ូ ឡាំ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕