(អាមេរិក)៖ អតីតកីឡាករប្រដាល់ទម្ងន់ធ្ងន់ពិភពលោក Muhammad Ali បានទទួលមរណភាពក្នុងវ័យ ៧៤ឆ្នាំ ដោយជំងឺផ្លូវដង្ហើម (Respiratory illness) ព្រឹកថ្ងៃទី០៤ មិថុនានេះ ក្នុងមន្ទីរពេទ្យ Poenix ស្ថិតក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក នេះបើ យោងតាមសារព័ត៌មាន BBC ចេញផ្សាយថ្ងៃនេះ។
កេរ្តិ៍ឈ្មោះរបស់ Muhammad Ali ល្បីពេញពិភពលោក ក្រោយពេលរូបគេបានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលីកាលពីឆ្នាំ១៩៦០ ដែលត្រូវបានគេប្រសិទ្ធនាមថា «The Greatest» និងបាន ក្លាយជាកីឡាករប្រដាល់សកលលំដាប់លេខ១ពិភពលោក នៅ៤ឆ្នាំបន្ទាប់ ក្រោយពេលវាយឈ្នះកីឡាករ Sonny Liston ហើយក៏ជាកីឡាករតែ ១គត់ដែលអាចការពារខ្សែក្រវាត់ពិភពលោក ទម្ងន់ធ្ងន់ បាន៣ឆ្នាំជាប់ៗគ្នា។
Muhammad Ali បានប្រកាសចូលនិវត្តន៍ ពីវិស័យកីឡាឈឺសាច់នេះជាផ្លូវការនៅក្នុងឆ្នាំ១៩៨១ ជាមួយនឹងការទទួលបានជ័យជំនះ ៥៦ដង ពីការឡើងវាយបាន ៦១ប្រកួត៕