(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត មកពីគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ប្អូនៗសិស្សានុសិស្ស ទាំងអស់ត្រូវតែខិតខំកសាងខ្លួនដើម្បីក្លាយជាមនុស្សល្អក្នុងសង្គម មានគុណធម៌ សីលធម៌ និងសេចក្តីថ្លៃថ្នូរក្នុងខ្លួន មិនត្រូវធ្វើខ្លួនជាបងធំ ដើរវាយតប់គ្នាបង្កបញ្ហានៅសាលារៀននោះទេ។

សារវិដេអូក្រើនរំលឹកដាស់តឿនដល់សិស្សានុសិស្សនេះ ត្រូវបានបង្ហាញនៅលើបណ្តាញសង្គមហ្វេកប៊ុកផ្លូវការ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា មិនត្រូវធ្វើបងធំដើរវាយតប់គ្នាទេ តែត្រូវបានបងធំខាងរឿងមនុស្សធម៌ ប្រមូលគ្នាសំអាតសាលារៀន ប្រមូលគ្នាដើម្បីធ្វើពលកម្ម និងជួយគ្នាទៅវិញទៅមក នោះគឺជាអ្វីដែលសង្គមចង់បាន មិនត្រូវធ្វើឲ្យឪពុកម្តាយ ឬអាណាព្យាបាល មានកង្វល់នោះទេ។

«កុំឲ្យបាត់គុណភាពអប់រំចំណេះដឹងទូទៅ តែត្រូវមានចន្លោះប្រហោងមួយទៀត ដើម្បីបំពេញបន្ថែម ព្រោះឥឡូវបរិស្ថានយើងដូរលឿនណាស់ ...គ្រួសារកាន់តែមានលទ្ធភាព តែខ្វះពេលវេលា អញ្ជឹងពឹងផ្អែកទៅលើសាលាធំ ដើម្បីការអប់រំ បណ្តុះនូវគុណធម៌ សីលធម៌ និងតម្លៃក្នុងខ្លួន មុននឹងគាត់ឈានទៅឯករាជ្យ ចេញពីវិទ្យាល័យឯករាជ្យ ម្ចាស់ការចូលក្នុងសង្គម» នេះជាការបញ្ជាក់របស់លោក ហ៊ុន ម៉ាណែត។

បន្ទាប់ពីឃើញមានព្រឹត្តិការណ៍បាតុភាពរវាងគ្រូ និងសិស្សនៅសាលាមួយក្នុងក្រុងតាខ្មៅនោះ នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បង្ហោះវីដេអូដែលលោកធ្លាប់បានលើកឡើងពាក់ព័ន្ធការអប់រំ និងការបណ្តុះសីលធម៌ ចរិយាធម៌ គុណធម៌សម្រាប់សិស្ស។

ក្នុងវីដេអូនោះ លោកបានរំលឹកការព្រួយបារម្ភរបស់អាណាព្យាបាលមួយចំនួន ដែលលើកទៅកាន់លោកផ្ទាល់ ជុំវិញអនាគតកូន។ ពួកគាត់បារម្ភកូនដើរផ្លូវមិនល្អ ហើយគ្មានទីពឹងសម្រាប់ជីវិតពេលអត់ពីពួកគាត់។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តលើកឡើងថា «ខ្ញុំមិនបញ្ចេញទស្សនៈទៅលើករណីនេះទេ ប៉ុន្តែសូមមានចំណាប់អារម្មណ៍ជារួមមួយ៖ តាមដែលខ្ញុំបានស្តាប់ផ្ទាល់និង ដឹងផ្ទាល់តាមរយៈការចុះតាមមូលដ្ឋានមួយចំនួននាពេលកន្លងមក បញ្ហាមួយដែលជាកង្វល់របស់មាតាបីតា (ក៏ដូចជាលោកគ្រូអ្នកគ្រូ)ជាច្រើន នៅក្នុងពេលបច្ចុប្បន្នចំពោះអនាគតកូនចៅរបស់ខ្លួន នៅក្នុងខណៈពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៏ ដែលបង្កលក្ខណៈអោយជីវភាពរស់នៅ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋមានការកើនឡើងនោះ គឺការជ្រើសរើសផ្លូវជីវិតរបស់កូនចៅតាមរយៈសកម្មភាពរបស់ពួកគេនាពេលបច្ចុប្បន្ន(ពិសេសវ័យសិក្សាថ្នាក់វិទ្យាល័យចុះក្រោម) ដែលជាកត្តាកំណត់មួយយ៉ាងសំខាន់សម្រាប់អនាគតរបស់ពួកគេ»។ ហេតុដូច្នេះការអប់រំ គួរមិនត្រឹមតែផ្តោតទៅលើចំណេះដឹងទូទៅទេ ប៉ុន្តែត្រូវគិតទៅដល់វិន័យ សុជីវធម៌ សីលធម៌ និងគុណធម៌ផងដែរ»។

ដើម្បីតម្រង់ទិសដល់សិស្សនៅកម្រិតសិក្សាចំណេះដឹងសិក្សាទូទៅឱ្យទទួលបានការអប់រំផ្នែកសីលធម៌ ចរិយាធម៌ និងគុណធម៌ បន្ថែមពីលើចំណេះដឹងផ្សេងៗហើយនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ចង់ឱ្យសាលាមានកម្មវិធីធ្វើកិច្ចការសង្គមផ្សេងៗ ហើយផ្តល់ពិន្ទុសម្រាប់កម្មវិធីសិក្សា។

លោក ហ៊ុន ម៉ាណែត បានរំលឹកថា កាលលោករៀនសាលាដូនពេញ មានការបង្កើតក្លឹបសិស្សពូកែ ដែលក្លឹបនេះមានការជួយសំអាតសាលា ជួយអប់រំ និងបង្រៀនគ្នាជាដើម។ លោកក៏បានលើកពីករណីនៅតាមបណ្តាប្រទេសមួយចំនួនទៀត ដែលបង្កើតកម្មវិធីឱ្យសិស្សចូលរួមកិច្ចការសង្គម ជួយដល់ប្រជាពលរដ្ឋ ដែលការងារមនុស្សធម៌ ផ្សេងៗ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដូច្នេះ «កុំឱ្យបាត់គុណភាពអប់រំចំណេះទូទៅ ប៉ុន្តែត្រូវមានចន្លោះប្រហោងមួយទៀត ដើម្បីបំពេញបន្ថែម។ ឥឡូវបរិស្ថានសង្គមដូរលឿនណាស់ គ្រួសារកាន់តែមានលទ្ធភាព តែខ្វះពេលវេលា។ អ៊ីចឹងពឹងផ្អែកលើសាលាធំ ដើម្បីការអប់រំ។ បណ្តុះនូវគុណធម៌ សីលធម៌ និងតម្លៃក្នុងខ្លួន មុននឹងគាត់ឈានទៅឯករាជ្យ ម្ចាស់ការចូលក្នុងសង្គម»។

យោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា គិតត្រឹមឆ្នាំសិក្សា២០២១-២០២២ កម្ពុជា មានសាលមត្តេយសិក្សា និងចំណេះទូទៅសាធារណៈ និងឯកជនសរុប ១៨,៤៣០សាលា មានសិស្សសរុបជាង ៣.៥លាននាក់។

ការបណ្តុះសីលធម៌ ជាធាតុដ៏សំខាន់សម្រាប់ការសិក្សាអប់រំ និងសម្រាប់ជីវិតរបស់មនុស្សទូទៅ។ រហូតមានការលើកឡើងថា ការចេះដឹងនូវចំណេះជំនាញផ្សេងៗ ដែលខ្វះនូវសីលធម៌ គឺជាគ្រោះថ្នាក់មួយសម្រាប់សង្គមទៅវិញ។ ដូច្នេះការអប់រំ និងបណ្តុះនូវសីលធម៌បន្ថែមពីលើចំណេះដឹងសម្រាប់សិស្សានុសិស្ស គួរតែជាកិច្ចការដ៏ចម្បងមួយក្នុងកម្មវិធីសិក្សា៕