(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ៥កន្លែងផ្សេងគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។
លោកវរសេនីយ៍ទោ គង់ ថូ នាយរងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រាប់ឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា ចំពោះករណីអគ្គិភ័យចំនួន ៥ទីតាំងខាងលើនេះ រួមមានដូចខាងក្រោម៖
ករណីអគ្គិភ័យទី១៖ នៅម៉ោង ១១ព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៤E2 តាមបណ្តោយផ្លូវលេខ១៧៣ កែងផ្លូវ៣១៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង បានបណ្តាលឲ្យឆាបឆេះផ្ទះ មួយកន្លែង ក្នុងបន្ទប់ជាន់ទី៣ ថ្មបេតុងប្រក់ស័ង្កសី ទំហំ ៨ម៉ែត្រ x ១៨ម៉ែត្រ ខូចខាតសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង។
ករណីអគ្គីភ័យនេះ ត្រូវបានរលត់ទៅវិញ នៅម៉ោង ១២និង១៥នាទីថ្ងៃត្រង់នាថ្ងៃដដែល ដោយប្រើប្រាស់រថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ ០៧ឡាន ស្មើរនឹង ២៨ម៉ែត្រគូប។
ករណីអគ្គិភ័យទី២៖ នៅម៉ោង ១និង៣០នាទីរសៀល នៅចំណុចបុរី ប៉េង ហួត ផ្ទះលេខ២៨ ផ្លូវបេ១៤ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ បានបណ្តាលឲ្យឆាបឆេះផ្ទះថ្មបេតុង ទំហំ ៦ម៉ែត្រ x ១៦ម៉ែត្រ ខូចខាតសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង។
ករណីអគ្គិភ័យនេះ បានរលត់ទៅវិញនៅម៉ោង ២រសៀលនាថ្ងៃដដែល ដោយប្រើប្រាស់រថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ ០៦ឡាន ស្មើរនឹង ២៤ម៉ែត្រគូប និងរថយន្តជំនួយមកពីបុរី ប៉េង ហួត ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើរនឹង ០៦ម៉ែត្រគូប។
ករណីអគ្គិភ័យទី៣៖ នៅម៉ោង ១និង៣០នាទីរសៀល នៅចំណុចបុរី ប៉េង ហួត បឹងស្នោ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
ករណីអគ្គិភ័យទី៤៖ នៅម៉ោង ៤និង២០នាទីរសៀល នៅចំណុចផ្ទះលេខ២៨៩ ក្រុម១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ បានបណ្តាលឲ្យឆាបឆេះផ្ទះថ្មបេតុងប្រក់ស័ង្កសី ទំហំ ២ម៉ែត្រ x ៤ម៉ែត្រ ខូចខាតសម្ភារៈឥវ៉ាន់លក់ចាប់ហួយអស់ ២០%។
ករណីអគ្គិភ័យនេះ បានរលត់ទៅវិញនៅម៉ោង ៥ល្ងាចនាថ្ងៃដដែល ដោយប្រើប្រាស់រថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន ១៤គ្រឿង ប្រើប្រាស់ទឹកអស់ ០៧ឡាន ស្មើរនឹង ២៨ម៉ែត្រគូប និងរថយន្តជំនួយមកពីសាលាខណ្ឌឫស្សីកែវ ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើរនឹង ០៤ម៉ែត្រគូប។
ករណីអគ្គិភ័យទី៥៖ នៅម៉ោង ៥និង២៥នាទីល្ងាច នៅចំណុច ខារ៉ាអូខេ អេ ស្លាស១ ផ្ទះលេខ៦០០ ផ្លូវជាតិលេខ១ ក្រុម០២ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បានបណ្តាលឲ្យឆាបឆេះបន្ទប់ថ្មបេតុង ទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ខូចខាតសម្ភារៈប្រអប់ភ្លើងនៅក្នុងបន្ទប់លេខ៤៧៧ ជាន់ទី៤។
ករណីអគ្គិភ័យនេះ បានរលត់ទៅវិញនៅម៉ោង ៦យប់នាថ្ងៃដដែល ដោយប្រើប្រាស់រថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន ស្មើរនឹង ០៨ម៉ែត្រគូប និងរថយន្តជំនួយមកពីសាលាខណ្ឌច្បារអំពៅ ចំនួន ០១គ្រឿង ពុំបានប្រើប្រាស់ទឹក, រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើរនឹង ០៤ម៉ែត្រគូប និងរថយន្តរបស់បុរី ប៉េង ហួត បឹងស្នោ ចំនួន ០២គ្រឿង ពុំបានប្រើប្រាស់ទឹ។
លោកវរសេនីយ៍ទោ គង់ ថូ បានបញ្ជាក់ថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ដោយក្នុងនោះ មិនមានអ្នករងរបួស និងប៉ះពាល់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋនោះឡើយ៕