(ព្រះសីហនុ)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្ថាប័នជំនាញពាក់ព័ន្ធ ដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យនៅទីតាំងក្រុមហ៊ុន ប៊ឹង ឆេង អ៊ិនធើណេសិនណល អេនធើធេនម៉ិន ឯ.កមួយកន្លែង ដែលស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រកឃើញមានបង្កប់ល្បែងអនឡាញខុសច្បាប់ និងឃាត់ខ្លួនជនជាតិបរទេសជាង៤០០នាក់។
ជុំវិញពាក់ព័ន្ធនឹងករណីខាងលើទីតាំងក្រុមហ៊ុន ប៊ឹង ឆេង នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ គឺរកឃើញថា ពិតជាមានការបង្កប់ប្រកបអាជីវកម្មអត់ច្បាប់ និងបទល្មើសមួយចំនួនទៀត។ ជាបឋម ក្នុងក្រុមហ៊ុនខាងលើនោះ សមត្ថកិច្ចជំនាញ បានស្រាវជ្រាវឃាត់ខ្លួនជនបរទេសបានប្រមាណជាង៤០០នាក់។
យ៉ាងណាមិញចំពោះការស្រាវជ្រាវ និងចុះបង្ក្រាបទីតាំងល្បែងអនឡាញខុសច្បាប់ បញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ នៅតែបន្តសហការជាមួយនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីបង្ក្រាបទីតាំងក្រុមហ៊ុន និងកន្លែងបង្កប់នូវល្បែងខុសច្បាប់នានាក្នុងខេត្តព្រះសីហនុ។
សូមបញ្ជាក់ផងដែរថា ប្រតិបត្តិការនៃការចុះបង្ក្រាប់ក្រុមហ៊ុន និងទីតាំងល្បែងខុសច្បាប់នានាក្នុងខេត្ត គឺ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុធ្វើការចុះបង្ក្រាប់ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២កន្លមក។ ចំពោះព័ត៌មានលម្អឹត នឹងបន្តរាយការណ៍នៅពេលក្រោយ៕