(បន្ទាយមានជ័យ)៖ អគ្គិភ័យបានលេបត្របាក់ផ្ទះឈើទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ ដំបូលប្រកសង្ក័សី និងជញ្ជាំងកៅស៊ូតង់ មួយដែលមានម្ចាស់ជាកម្មករទៅធ្វើការនៅប្រទេសថៃ ហើយមានផ្ទុកមេរោគអេដស៍ទៀត។
បើតាមពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា គ្រួសារមួយនេះ ពេលព្រឹកឡើងតែងតែ ទៅធ្វើការនៅប្រទេសថៃ ហើយពេលល្ងាចបានត្រឡប់មកវិញ ប៉ុន្ដែជាអកុសលនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦នេះ ស្របពេលដែលម្ចាស់ផ្ទះចេញទៅធ្វើការបាត់ ក៏មានអគ្គិភ័យមួយបានឆាបឆេះឡើង ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបន្ដថា ផ្ទះនេះត្រូវបានឆាបឆេះទាំងស្រុង ដោយសារតែជួយសង្គ្រោះមិនទាន់ពេលវេលា ចំពោះការខូចខាតមានម៉ូតូ១គ្រឿង ម៉ាក Honda Dream ឆ្នាំ២០០៧ និងទ្រព្យសម្បត្តិមួយចំនួនទៀត។ សមត្ថកិច្ចបញ្ជាក់ថា ម្ចាស់ផ្ទះឈ្មោះ បឿន ហេង ផ្ទុកមេរោគអេដស៍ និងមានកូនប្រុសស្រី៤នាក់៕