(ភ្នំពេញ)៖ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានថ្លែងថា វិស័យធានារ៉ាប់រងនៅព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ នៅក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។

លោកអគ្គនាយកថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធនូវអគារទីស្នាក់ការកណ្តាលថ្មីរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life ដែលមានទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ កាលពីម្សិលមិញ។

លោក ប៊ូ ច័ន្ទភីរូ បានបញ្ជាក់យ៉ាងដូច្នេះថា «វិស័យធានារ៉ាប់រងនៅព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ជាមួយនឹងអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ ២០% ជាពិសេស ទីផ្សារធានារ៉ាប់រងអាយុជីវិត ក៏បានសម្រេចបាននូវលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើល ដែលបានរួមចំណែកយ៉ាងខ្លាំង ដល់ការរីកចម្រើននៃវិស័យធានារ៉ាប់រងនៅកម្ពុជា»។ លោកបន្តថា ក្រុមហ៊ុន GC Life មានទស្សនវិស័យច្បាស់លាស់ឆ្ពោះទៅរកការអភិវឌ្ឍ និងវឌ្ឍនភាពនៃទីផ្សារធានារ៉ាប់រងកម្ពុជា។

ការធានារ៉ាប់រងជាមធ្យោបាយ ដែលត្រូវបានប្រើប្រាស់ ដើម្បីការពារផលលំបាកហិរញ្ញវត្ថុធ្ងន់ធ្ងរបង្កឡើងដោយហានិភ័យ ឬអាចបកស្រាយបាន គឺជាកិច្ចសន្យាផ្លូវច្បាប់ដែលកំណត់អំពីលក្ខខណ្ឌនៃផ្ទេរ និងទទួលហានីភ័យរវាងអ្នកទិញធានារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង និងក្រុមហ៊ុនធានារ៉ាប់រង។

លោក Michael Tee នាយកប្រតិបត្តិនៃក្រុមហ៊ុន GC Life បានថ្លែងថា «អាជីវកម្មធានារ៉ាប់រងអាយុជីវិត គឺជាការវិនិយោគទុនរយៈពេលវែងដែលតម្រូវឲ្យមានការប្តេជ្ញាចិត្តខ្ពស់ ក៏ដូចជាការគាំទ្រយ៉ាងខ្លាំងក្លាពីភាគីពាក់ព័ន្ធទាំងឡាយក្នុងការបង្កើតទំនាក់ទំនងដ៏ល្អប្រសើរជាមួយអតិថិជនរបស់យើង»។

លោកបន្តថា ការបើកសម្ពោធអគារទីស្នាក់ការកណ្តាលថ្មីរបស់ក្រុមហ៊ុន បញ្ជាក់អំពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបង្ហាញឲ្យឃើញអំពីយុទ្ធសាស្រ្តក្នុងការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន ដើម្បីផ្តល់ជូននូវផលិតផល និងសេវាកម្មដ៏ល្អបំផុតនៅលើទីផ្សារ ក៏ដូចជាបម្រើដល់ប្រជាជនកម្ពុជាឱ្យកាន់តែល្អប្រសើរផងដែរ។

ក្នុងការពង្រីកបណ្តាញចែកចាយ និងបង្កើនល្បឿនបច្ចេកវិទ្យាឌីជីថលនីយកម្មរបស់ខ្លួន ក្រុមហ៊ុន GC Life ក៏បានដាក់ដំណើរការផលិតផលធានារ៉ាប់រងអាយុជីវិតឌីជីថលដំបូងរបស់ខ្លួនគឺផលិតផល «GC ពហុគាំពារ» នៅក្នុងថ្ងៃតែមួយនឹងការសម្ពោធអគារទីស្នាក់ការកណ្តាលថ្មីនេះ។

គួរបញ្ជាក់ផងដែរថា ផលិតផល GC ពហុគាំពារ គឺជាផលិតផលធានារ៉ាប់រងអាយុជីវិត រយៈពេល ៥ឆ្នាំ ដែលផ្តល់ការការពាររហូតដល់ ៤០០%នៃទឹកប្រាក់ត្រូវបានធានា ជាមួយនឹងការបង់បុព្វលាភធានារ៉ាប់រងដែលមានតម្លៃសមរម្យ។ ដំណើរការនៃការស្នើសុំធានារ៉ាប់រងតាមរយៈប្រព័ន្ធអនឡាញនេះមានភាព ងាយស្រួល និងឆាប់រហ័ស ដោយលោកអ្នកចំណាយពេលត្រឹមតែ ១០នាទី ក្នុងការបំពេញទម្រង់ស្នើសុំតាមទូរសព្ទដៃ លោកអ្នកនឹងអាចទទួលបានការការពារភ្លាមៗ។

សូមជម្រាបថា លោក ប៊ូ ច័ន្ទភីរូ ធ្លាប់បានថ្លែងកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ក្នុងកម្មវិធីផ្សព្វផ្សាយពីអនុក្រឹត្យស្ដីពីការធានារ៉ាប់រង ដោយអះអាងថា វិស័យនេះកំពុងដើរតួនាទីជាសមាសធាតុសំខាន់មួយ ក្នុងការទ្រង់វិស័យសង្គមកិច្ច និងសេដ្ឋកិច្ច។ លោកបន្តថា ជាមួយស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ដែលកម្ពុជារក្សាបាន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឱ្យទីផ្សារធានារ៉ាប់រងកម្ពុជា បាននិងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ស្របតាមយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ និងយុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ របស់រាជរដ្ឋាភិបាល៕