(ក្រចេះ)៖ លោកវ៉ា ថន អភិបាលខេត្តក្រចេះ នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំបន្ទាន់ជាមួយអាជ្ញាធរពាក់ព័ន្ធទូទាំងខេត្ត ដើម្បីចាត់វិធានការចុះបង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដែលមានទីតាំងក្នុងខេត្តឱ្យដូចជាភ្លៀងរលឹម រាប់ទាំងមុខសញ្ញាល្បែងឆ្នោតឡូតូ និងកន្ទុយលេខផងដែរ។

ការបើកកិច្ចប្រជុំជាបន្ទាន់បែបនេះ របស់រដ្ឋបាលខេត្តក្រចេះ បានធ្វើឡើងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ពាក់ព័ន្ធនឹងការងារសន្តិសុខ វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេស។

ក្នុងកិច្ចប្រជុំលោក វ៉ា ថន បានជំរុញដល់រដ្ឋបាលក្រុង ស្រុក រួមនឹងកម្លាំងប៉ុស្តិ៍នគរបាល កម្លាំងមេបញ្ជាការទាំងអស់ ត្រូវស្រង់បញ្ជីឈ្មោះម្ចាស់អាជីវកម្មតូបកាហ្វេ រោងគុយទាវ និងត្រូវធ្វើការណែនាំដល់គាត់ កុំឱ្យមានការលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ ដូចជា ជល់មាន់តាមអនឡាញ ឱ្យមានប្រសិទ្ធិភាពបំផុត ជាពិសេសត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ទាក់ទងទៅនឹងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង ៧ចំណុចឱ្យខានតែបាន ព្រមទាំងការដោះស្រាយបញ្ហាសំណូមពរ និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ហើយត្រូវធ្វើផែនការសកម្មភាពប្រចាំថ្ងៃ ក្នុងការអនុវត្តបង្ក្រាបល្បែងស៊ីសងនៅមូលដ្ឋានរបស់ខ្លួន ដើម្បីរាយការណ៍ជាប្រចាំជូនប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ក្រុង-ស្រុក និងដើម្បីស្រុករាយការណ៍មកក្រសួងមហាផ្ទៃ។

ក្នុងនោះដែរ លោកអភិបាលខេត្ត ក៏បានណែនាំដល់មេបញ្ជាការកងកម្លាំងទាំង៣ និងក្រុង ស្រុកទាំងអស់ត្រូវរួមគ្នាអនុវត្តកិច្ចការនេះឱ្យមានប្រសិទ្ធភាព ត្រូវធ្វើជាគំរូ និងមានឥរិយាបថល្អដល់ប្រជាពលរដ្ឋ ត្រូវចៀសវាងនូវកាប្រព្រឹត្តអំពើមិនគប្បីណាមួយដែលនាំឱ្យប្រជាពលរដ្ឋមើលបំណាំ និងត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀត។

លោក វ៉ា ថន ក៏លើកទឹកចិត្តដល់បងប្អូនកងកម្លាំងប្រជាការពារ ក្នុងការបំពេញកិច្ចការរក្សាសន្តិសុខក្នុងមូលដ្ឋាន ហើយនាំមកនូវសេចក្តីសុខសុភមង្គលជូនប្រជាពលរដ្ឋ និងបញ្ចៀសកុំឱ្យមានចោរឆក់ ចោរប្លន់ ក្នុងសង្គមដោយសារតែល្បែងស៊ីសង ដែលវាមិនបានចំណេញដល់សេដ្ឋកិច្ចជាតិនោះទេ ផ្ទុយទៅវិញបាននាំឱ្យប្រជាពលរដ្ឋដែលងប់ងុលនឹងល្បែង ត្រូវលក់គោ លក់ក្របី ផ្ទះសម្បែង និងខាតពេលវេលារកស៊ី ធ្វើឱ្យបែកបាក់គ្រួសារ និងប៉ះពាល់ដល់អនាគតកូន ដោយសារតែការចាញ់ល្បែងនេះ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ តាមរយៈសារសំលេងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាយ៉ាងដាច់ណាត់ឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ។ សម្តេតេជោ បានព្រមានដកអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រូបណាដែលមិនទទួលខុសត្រូវលើតួនាទីបណ្តោយឱ្យល្បែងស៉ីសងរីកសាយភាយក្នុងមូលដ្ឋានរបស់ខ្លួន៕