(ភ្នំពេញ)៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុន ខេមប្រ៊ូវ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានរួមគ្នារៀបចំយុទ្ធនាការសម្អាតបរិស្ថាន ដើម្បីចូលរួមទិវាសម្អាតពិភពលោក ឆ្ពោះទៅកាន់ «កម្ពុជាស្អាត កម្ពុជាបៃតង»។

ចលនានេះ មានការអញ្ជើញចូលរួមពីលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ, លោក តុប សុភ័ក រដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍, លោក កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំនេះដឹង និងព័ត៌មានបរិស្ថាន ព្រមជាមួយនឹងនិយោជិតនិយោជករបស់ក្រុមហ៊ុន ខេមប្រ៊ូវ យុវជន និងអាជ្ញាធរពាក់ព័ន្ធជាង ៥០០នាក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក នួន ផារ័ត្ន បានគូសបញ្ជាក់ថា៖ «ព្រឹត្តិការណ៍នេះ ចូលរួមចំណែកធ្វើឱ្យទីក្រុងយើងស្អាត ក៏ដូចជាដើម្បីបណ្តុះគំនិតប្រជាពលរដ្ឋរាជធានីភ្នំពេញ ឱ្យចូលរួមទាំងអស់គ្នា ដើម្បីទទួលភ្ញៀវថ្នាក់ដឹកនាំកំពូលៗរបស់អាស៊ាន ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំ និងរៀបចំការប្រកួតកីឡាស៊ីហ្គេមនៅ ឆ្នាំ២០២៣ ខាងមុខនេះ»

លោក កែន សេរីរដ្ឋា បានលើកឡើងថា៖ «ក្រសួងបរិស្ថានដែលមានអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ជាសេនាធិការ បាន និងកំពុងរៀបចំកម្មវិធីចលនាប្រឡងប្រណាំង ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព’ លើវិស័យបរិស្ថានដើម្បីការផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋកម្ពុជាឱ្យមានការយល់ដឹង និងចូលរួមប្រតិបត្តិមេត្រីបរិស្ថាន ក៏ដូចជាជំរុញឱ្យអាជ្ញាធរភូមិ ឃុំ-សង្កាត់ យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការរៀបចំភូមិ ឃុំ-សង្កាត់របស់ខ្លួនឱ្យមានអនាម័យ សោភ័ណភាព និងបរិស្ថានល្អប្រសើរក្នុងសហគមន៍មួយ ដែលមានភាពសុខដុមស្របតាមបរិស្ថានរបស់ខ្លួន និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលជាការរួមចំណែកក្នុងយុទ្ធនាការកម្ពុជាស្អាត កម្ពុជាបៃតង ធ្វើឱ្យមាតុភូមិកម្ពុជាយើងទទួលបានភាពស្អាត និងបៃតង»។

លោក តុប សុភ័ក បានថ្លែងថា «ស្អាត ជាអភិក្រមថ្មីនៅក្នុងការជំរុញវិស័យទេសចរណ៍របស់យើងក្នុងបរិបទក្នុង និងក្រោយជំងឺឆ្លងកូវីដ១៩ ក្នុងន័យនេះ ស្អាតដោយមានទេសភាពស្រស់ត្រកាល ស្អាតដោយភាពប្រណិត ស្អាតដោយមានបរិស្ថានល្អប្រសើរ ស្អាតដោយមានអនាម័យ ស្អាតដោយមានសុវត្ថិភាព ស្អាតដោយមានគុណភាព និងស្អាតដោយមានឱជារសឆ្ញាញ់ពិសា ដែលត្រូវទាមទារឱ្យមានការគិតគូរ និងគ្រប់គ្រងដោយហ្មត់ចត់នៅមុនពេល និងកំឡុងពេលព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ក្នុងឆ្នាំ២០២៣ ខាងមុខនេះ»។

នេះជាចលនាសម្អាតលើកទី២ ក្នុងឆ្នាំ២០២២ ដែលក្រុមហ៊ុន ខេមប្រ៊ូវ បានសហការជាមួយដៃគូពាក់ព័ន្ធ រៀបចំធ្វើបន្ទាប់ពីបានរៀបចំធ្វើនៅខេត្តព្រះសីហនុ ក្នុងខែកក្កដា កន្លងទៅនេះ ដើម្បីប្រារព្ធទិវាសម្អាតបរិស្ថានពិភពលោក ក៏ដូចជាចូលរួមលើកកម្ពស់ការយល់ដឹងពីកិច្ចការពារបរិស្ថាន និងលើកទឹកចិត្តឱ្យមានការចូលរួមឱ្យកាន់តែច្រើនពីប្រជាពលរដ្ឋ ដើម្បីបរិស្ថានកាន់តែប្រសើរ ក្រោមសារ «កម្ពុជាស្អាត កម្ពុជាបៃតង»។

ក្នុងចលនានេះដែរ លោក Bruce Kidner អគ្គនាយកគ្រប់គ្រងស្តីទី & ជានាយកជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ បានសម្ដែងនូវក្ដីរីករាយ និងពេញចិត្តជាខ្លាំង ដែលក្រុមហ៊ុន ខេមប្រ៊ូវ បានក្លាយជាចំណែកមួយក្នុងគំនិតផ្ដួចផ្ដើមមួយនេះ។ លោកបានថ្លែងថា «ខេមប្រ៊ូវ ពិតជាមានក្តីសោមនស្សរីករាយ ដែលបានរៀបចំចលនាសម្អាតនេះ ដែលជាសកម្មភាពបំផុសស្មារតីអំពីការគ្រប់គ្រងកាកសំណល់ប្រចាំថ្ងៃ ក៏ដូចជាជួយដឹកនាំឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននូវទម្លាប់នៃការចោលសំរាម»។

លោកបានបន្តទៀតថា «ការចូលរួមនេះ បានឆ្លុះបញ្ចាំងអំពីឆន្ទៈរួមគ្នាតែមួយរបស់ពួកយើងក្នុងកិច្ចការពារបរិស្ថាន។ យើងទាំងអស់គ្នាសុទ្ធតែមានភារកិច្ចរៀងៗខ្លួន ប៉ុន្ដែអ្វីដែលពួកយើងមានរួមគ្នា គឺការចូលរួមទទួលខុសត្រូវក្នុងការអភិវឌ្ឍសង្គមឱ្យកាន់តែប្រសើរ ប្រកបដោយចីរភាព»។ លោកជឿជាក់ថា ការចូលរួមរបស់យើងទាំងអស់គ្នាក្នុងវិស័យបរិស្ថាន នឹងនាំឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន មិនថាតិច ឬច្រើន»។

តាមរយៈព្រឹត្តិការន៍នេះ បានបង្ហាញពីចក្ខុវិស័យរួមគ្នារវាងវិស័យសាធារណៈ ឯកជន អង្គការសង្គមស៊ីវិល និងប្រជាជន ក្នុងការជំរុញឲ្យមានការអភិវឌ្ឍជាចីរភាព។ រួមគ្នា យើងនឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន និងបង្កើតអនាគតរួមគ្នាដ៏ប្រសើរសម្រាប់យើងទាំងអស់គ្នា៕