(ព្រះសីហនុ)៖ លោក គួច ចំរេីន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីដកពិសោធន៍ការងារបង្រ្កាបការជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងការអនុវត្តតាមសារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ពាក់ព័ន្ធនឹងការបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេស។

ពិធីនេះមានចូលរួមពីអភិបាលរងខេត្ត, នាយកដ្ឋានកណ្តាលសន្តិសុខ, ប្រធានសាលាដំបូងខេត្ត, ព្រះរាជអាជ្ញា ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជខេត្ត, លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុងស្រុក នាយកទីចាត់ការសាលាខេត្ត មេធាវីសាលាខេត្ត អធិការនគរបាលក្រុងស្រុក មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងស្រុក និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។

លោក គួច ចំរើន បានលើកឡើងថា «កិច្ចប្រជុំថ្ងៃនេះតាមកម្មវិធីដែលបានគ្រោងទុក គឺដើម្បីត្រួតពិនិត្យដកបទពិសោធន៍នៃការចុះអនុវត្តករណីការជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ និងអនុវត្តតាមបទបញ្ជា ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន តាមរយៈសារសំលេងឱ្យចុះបង្រ្កាប និងបិទទីតាំងល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេស។ ដូច្នេះ សូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវស្តាប់សារសម្លេងរបស់សម្តេចតេជោ ឱ្យបានគ្រប់ៗគ្នា និងត្រូវអនុវត្តឱ្យបានម៉ឺងមាត់ តាមបទបញ្ជានេះ។ ពាក់ព័ន្ធនឹងការបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទនេះ ស្នើឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវចុះធ្វើការអប់រំ វិធានការរដ្ឋបាល និងធ្វើកិច្ចសន្យាបិទទីតាំងល្បែងស៊ីសងគ្រប់ប្រភេទជាដាច់ខាត ករណីរឹងរូស គណៈបញ្ជាការឯកភាពក្រុង-ស្រុក ត្រូវសួរយោបល់ព្រះរាជអាជ្ញា និងមេធាវីប្រចាំរដ្ឋបាលខេត្តព្រះសីហនុជាមុន ដើម្បីចាត់វិធានការតាមផ្លូវច្បាប់»

បន្ទាប់ពីមាន ការពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុលផុសអង្គប្រជុំបានសម្រេចដាក់ចេញនូវវិធានការដូចខាងក្រោម៖

*អភិបាលក្រុង-ស្រុក អធិការ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ត្រូវដឹកនាំកិច្ចប្រជុំនៅល្ងាចនេះ និងត្រូវចុះអនុវត្តបិទទីតាំងឡូតូ និងល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ដោយត្រូវធ្វើកំណត់ហេតុឱ្យបានច្បាស់លាស់ រួចត្រូវបូកសរុបរបាយការណ៍ជូនរដ្ឋបាលខេត្តនៅពេលល្ងាច ថ្ងៃដដែល និងថ្ងៃបន្តបន្ទាប់។

*មុនពេលចាត់វិធានការផ្លូវច្បាប់លើទីតាំងដែលរឹងរូស អភិបាលក្រុង-ស្រុក ត្រូវទូរស័ព្ទដោយផ្ទាល់ទៅព្រះរាជអាជ្ញា ដើម្បីសម្របសម្រួលនីតិវិធី។

*នៅក្នុងតារាងតាមដានប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ ត្រូវរៀបចំទី១៖ លេខរៀង, ២៖ លេខកូដ, ៣៖ កាលបរិច្ឆេទ, ៤៖ ប្រភព, ៥៖ ទីតាំង, ៦៖ អាសយដ្ឋាន, ៧៖ ក្រុមប្រតិបត្តិការ, ៨៖ អយ្យការដឹកនាំនីតិវិធី, ៩៖ កាលបរិច្ឆេទចាប់ផ្តើមប្រតិបត្តិការ និងបញ្ចប់ប្រតិបត្តិការ, ១០៖ កម្មវត្ថុបណ្តឹង ១១៖ លទ្ធផលនៃការស្រាវជ្រាវ និង១២៖ ផ្សេងៗ។ ករណីមានបទល្មើសត្រូវបញ្ជាក់អំពីជនរងគ្រោះ និងជនសង្ស័យដែលត្រូវផ្តន្ទាទោស។

*ចំពោះការចុះប្រតិបត្តិការការងារតាមទីតាំងនីមួយៗ មន្រ្តីនគរបាលយុត្តិធម៌ ជាអ្នកធ្វើកំណត់ហេតុ និងជាអ្នកឆែកឆេរ ទីតាំង និងមនុស្ស។

*ពេលក្រុមការងារចុះអនុវត្ត ប្រសិនបើរកឃើញថាបង្ខាំងឱ្យធ្វើការ ត្រូវពិន័យ២.៦២០.០០០រៀល និងបង្ខំធ្វើការលើសម៉ោង ត្រូវពិន័យ ១.៦៨០.០០០រៀល តាមច្បាប់ស្តីពីការងារ។

*រៀបចំក្រុមការងារឱ្យបានច្បាស់លាស់៖ ក្រុមទី១.ក្រុមចុះប្រតិបត្តិការ, ក្រុមទី២.ក្រុមត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព ក្រុមទី៣.ក្រុមត្រួតពិនិត្យផលនៃបទល្មើស ក្រុមទី៤.ក្រុមធ្វើកំណត់ហេតុ និងរបាយការណ៍។ ការចុះប្រតិបត្តិការលើកក្រោយលោកនឹងប្រគល់ភារកិច្ចជូនអភិបាលរងខេត្ត ០៤រូបជាអ្នកដឹកនាំ។

*កម្លាំងកងរាជអាវុធហត្ថជាអ្នកទទួលខុសត្រូវត្រួតពិនិត្យ ជុំវិញទីតាំងចុះប្រតិបត្តិការ.

*កិច្ចប្រតិបត្តិការលើកក្រោយ ត្រូវមានក្រុមឈុតខ្មៅមួយក្រុម ចាំជួយគាំទ្រ មានរថយន្តពន្លត់អគ្គីភ័យ និងរថយន្តសង្គ្រោះបន្ទាន់។

*ស្នើធ្វើរបាយការណ៍បញ្ចប់ប្រតិបត្តិការឆែកឆេរអគារ ឆាងឆឹង ដើម្បីស្នើសុំមតិដឹកនាំពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

*រាល់ការចុះប្រតិបត្តិការ ស្នើ ឱ្យមានការសម្របសម្រួលនីតិវិធី ដោយព្រះរាជអាជ្ញា ដែលមានក្រឡាបញ្ជីជាអ្នកធ្វើកំណត់ហេតុ។

*ត្រូវកំណត់ទីតាំងអាជីវកម្មមានច្បាប់ និងអត់ច្បាប់ក្នុងតារាងតាមដានប្រតិបត្តិការជាមុន។ ចំពោះមុខត្រូវចុះពិនិត្យទីតាំងដែលអត់ច្បាប់និងទីតាំងដែលមានបណ្តឹងពាក់ព័ន្ធការធ្វើទារុណកម្មមនុស្ស៕