(កំពង់ឆ្នាំង)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បាននាំទេយ្យទាន ព្រមទាំងបច្ច័យទៅវេរប្រគេនដល់ព្រះអង្គសង្ឃនៅវត្តចំនួន២ គឺវត្តកំពង់ព្រះ និងវត្តកំពង់ព្រះ ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៧ តាមប្រពៃណីទំនៀមទំលាប់របស់ប្រជាជនខ្មែរ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២។

ពិធីនេះដឹកនាំដោយលោក សូ សុីនួន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំឆ្នុកទ្រូ លោកស្រីជាប្រធានក្រុមការងារថ្នាក់កណ្តាល រួមដំណើរដោយលោក ប៉ែន សំបូរ អនុប្រធានក្រុមការងារថ្នាក់កណ្តាលរួម និងលោក លោកស្រីសមាជិកក្រុមការងារ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំង២យ៉ាងច្រើនផងដែរ។

ថ្លែងនៅក្នុងកម្មវិធីនេះលោក សូ ស៉ីនួន បានលើកឡើងថា បុណ្យភ្ជំបិណ្ឌដែលជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរ ដែលកាន់ សាសនាព្រះពុទ្ធ គោរពតាំងពីយូលង់ណាស់មកហើយ។ សម្រាប់ពិធីកាន់វេនបិណ្ឌនេះពុទ្ធសាសនាខ្មែរយើង បានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោជ ខែភទ្របទ ដល់ថ្ងៃ១៤រោជ ខែភទ្របទ រហូតដល់ថ្ងៃបុណ្យភ្ជំធំត្រូវថ្ងៃ១៥រោជ ខែភទ្របទ ដែលបងប្អូនពុទ្ធបរិស័ទប្រជាពលរដ្ឋ ដើម្បីមកជួបជុំបងប្អូនឪពុកម្ដាយ។

លោកក៏បានអំពាវនាវដល់ដល់ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទទាំងអស់ចូលរួម និងផ្សព្វផ្សាយឱ្យបានទៅលំទូលាយពីបុណ្យភ្ជុំបិណ្ឌជាបុណ្យប្រពៃណីរបស់ខ្មែរដើម្បីឱ្យក្មេងជំនាន់ក្រោយគាត់បានយល់កាន់តែច្បាស់។ សូមឱ្យឪពុកម្ដាយទាំងអស់ណែនាំកូនឱ្យចៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា ពិសេសពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើម្បីការពារអាយុជីវិតរបស់ខ្លួន។

នាឱកាសនៃពិធីក្រុមការងារបានបែងចែកជា ២ក្រុម៖ វត្តកំពង់ព្រះ និងវត្តយុគន្ធរ នាឱកាសនោះទេយ្យទាន និងទេយ្យវត្ថុសម្រាប់ប្រគេនព្រះសង្ឃ និងកសាងវត្តដូចខាងក្រោម៖

*វត្តកំពង់ព្រះ៖ សាដក់ ១, អង្ករ៥០គីឡូក្រាម, ទឹកបរិសសុទ្ធ ១កេស, ទឹកក្រូច ១កេស, ទឹកត្រី១យួរ, ទឹកសុីអុីវ១យួរ។ បច្ច័យកសាងដងទង់ចំនួន ៨០០ដុល្លារ និង៥០០,០០០រៀល, បច្ច័យប្រគេនព្រះសង្ឃសរុប ២៣០,០០០រៀល, ឧបត្ថម្ភអាចារ្យ សិស្ស និងសន្តិសុខសរុប ២៨០,០០០រៀល។

*វត្តយុវគន្ធរ៖ សាដក់១, អង្ករ៥០គីឡូក្រាម, ទឹកសុទ្ធ ១កេស, ទឹកក្រូច ១កេស, ទឹកត្រី១យួរ, ទឹកសុីអុីវ១យួរ។ បច្ច័យកសាងវត្ត ៥០០,០០០រៀល, បច្ច័យប្រគេនព្រះសង្ឃសរុប ២៦០,០០០រៀល, ឧបត្ថម្ភអាចារ្យ សិស្ស និងសន្តិសុខសរុប ១៦០,០០០រៀល។សរុបទាំងអស់ ២,៧៣០,០០០រៀល និង៨០០ដុល្លារ៕