(ព្រះវិហារ)៖ ទីតាំងល្បែងសុីសងមួយកន្លែង នៅក្បែររង្វង់ស្រអែម ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានគណៈបញ្ជាការឯកភាពស្រុកជាំក្សាន្ត ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាប នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ។

លោក វុធ តារ៉ា អភិបាលស្រុកជាំក្សាន្ត និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានឱ្យដឹងនៅព្រលប់ថ្ងៃនេះថា ទីតាំងល្បែងសុីសងមួយកន្លែងក្បែរង្វង់ស្រអែម ដែលលេងល្បែងឆ្នោតអេស៊ាន និងម៉ូឌែនឡតធើរី ដែលម្ចាស់ទីតាំងឈ្មោះ សាំង ធីហាំង ភេទស្រី អាយុ៥៨ឆ្នាំ ត្រូវបានចុះបង្ក្រាបហើយ ដោយអាជ្ញាធរបានធ្វើកិច្ចសន្យាឱបញ្ឈប់លេងល្បែងទាំងស្រុង។ ជាមួយគ្នានេះដែរ ក៏បានឱ្យម្ចាស់ទីតាំងរើសម្ភារៈទាំងអស់រក្សាទុកដោយខ្លួនឯង ដោយមិនឱ្យដំណើរការលេងតទៅទៀតនោះទេ។

លោកអភិបាលស្រុកជាំក្សាន្ត ក៏បានអំពាវនាវដល់ម្ចាស់ទីតាំងល្បែងសុីសងផ្សេងៗទៀត ដែលកំពុងបើកដំណើរការលេងនៅក្នុងមូលដ្ឋានស្រុកជាំក្សាន្ត ត្រូវបញ្ឈប់ជាបន្ទាន់ និងត្រូវគោរព អនុវត្ត តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។ ដោយលែកចំពោះសមត្ថកិច្ច និងអាជ្ញាធរដែនដីតាមមូលដ្ឋាន ត្រូវយកចិត្តទុកដាក់បង្រ្កាបល្បែងសុីសងនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធិភាព។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ តាមរយៈសារសំលេង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាយ៉ាងដាច់ណាត់ឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ។ សម្តេតេជោ បានព្រមានដកអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រូបណាដែលមិនទទួលខុសត្រូវលើតួនាទីបណ្តោយឱ្យល្បែងស៉ីសងរីកសាយភាយក្នុងមូលដ្ឋានរបស់ខ្លួន៕