(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Ash Carter បានព្រមានប្រទេសចិន ចំពោះទង្វើគគ្លើននៅក្នុងដែនសមុទ្រ ចិនខាងត្បូង ដោយថាប្រជាជាតិមួយនេះកំពុងតែ ររាំងដល់កិច្ចសហប្រតិបត្តិការ ប្រកបដោយភាពវិជ្ជមាននៅតំបន់អាស៊ីដើម្បីបំពេញ តាមមហិច្ឆិតារបស់ខ្លួនឯង។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ CNN នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមិថុនា ឆ្នាំ២០១៦។
ការថ្លែងរបស់លោក Carter បានធ្វើឡើង បន្ទាប់ពីទទួលបានរបាយការណ៍ជាច្រើន ស្តីការពង្រីកវិសាលភាពយោធារបស់ចិនកាន់ តែធំឡើងនៅតំបន់ សមុទ្រចិនខាងត្បូង ដែលប្រការនេះអាមេរិក បានចាត់ទុកថា ទីក្រុងប៉េកាំង កំពុងតែព្យាយាមកសាងមហាកំផែង ព័ទ្ធយកសមុទ្រចិនខាងត្បូង ដើម្បីក្តោបក្តាប់សមុទ្រចិនខាងត្បូងតែម្នាក់ឯង។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ក៏បានព្រមានប្រទេសចិនផងដែរថា ប្រទេសទាំងអស់ដែលពាក់ព័ន្ធនឹង បញ្ហាសមុទ្រចិនខាងត្បូងនេះ នឹងមិននៅស្ងៀមនោះឡើយចំពោះទង្វើនេះ។ ដោយឡែកប្រទេសចិនវិញ កន្លងមកតែងតែធ្វើការច្រានចោលដាច់ខាតចំពោះ ការលើកឡើង និងចោទប្រកាន់របស់អាមេរិក ហើយថាខ្លួន មិនបានមានបំណងចង់បង្កអសន្តិសុខនៅសមុទ្រចិនខាងត្បូងឡើយ ដោយមានតែការចង់ ឲ្យប្រទេសទាំងអស់ក្នុងតំបន់ មានការយោគយល់គ្នា និងបង្កើនកិច្ចការពារសន្តិភាពប៉ុណ្ណោះ៕