(ភ្នំពេញ)៖ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការកីឡាគណៈមេធាវី និងលោកស្រី ឈីវ ភិរម្យ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសសមាសភាពក្រុមបាល់ទាត់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាចំនួន ៣០៤រូប។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកាក្រុមប្រឹក្សាគណៈមេធាវី កីឡាករ កីឡាការិនី និងភ្ញៀវកិត្ដិយសចូលរួមសរុបចំនួនប្រមាណជាង ៣០០នាក់។
នាឱកាសនោះថា លោកមេធាវី ចេង ប៉េងហាប់ ប្រធានអនុគណៈកម្មការកីឡាបាល់ទាត់គណៈមេធាវី បានធ្វើសេចក្ដីរាយការណ៍សង្ខេបអំពីលទ្ធផលនានារបស់អនុគណៈកម្មការដែលសម្រេចបាន និងអានសមាភាពកីឡាករ កីឡាការិនីបាល់ទាត់គណៈមេធាវី ទាំង៣០៤រូប ជូនគណៈអធិបតី និងអង្គពិធី។
លោកមេធាវី លី ច័ន្ទតុលា បានធ្វើការសំណេះសំណាល និងផ្ដាំផ្ញើទៅកីឡាករ កីឡាការិនីបាល់ទាត់ទាំងអស់ ឱ្យយល់អំពីតម្លៃនៃកីឡា ដោយបានលើកឡើងថា៖ «ការលេងកីឡាពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់យើងទាំងអស់គ្នា ព្រោះថាកីឡាមិនត្រឹមតែនាំមកនូវសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ដប៉ុណ្ណោះទេ ប៉ុន្តែក៏នាំមកនូវសុខភាពល្អផ្នែកបញ្ញស្មារតី រួមទាំងការរឹតចំណងមិត្ដភាព សាមគ្គីភាព ភារភាតទាំងក្នុង និងក្រៅក្របខណ្ឌនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន (ប្រជាជនមា្នក់លេងកីឡាមួយមុខ) ផងដែរ»។
ដើម្បីអបអរសាទរក្នុងកម្មវិធីនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានរៀបចំការប្រកួតកីឡាបាល់ទាត់មិត្ដភាពក្នុងក្របខណ្ឌនៃគណៈមេធាវី និងរៀបចំកម្មវិធីអាហារសាមគ្គី ដើម្បីរិតចំណងមិត្ដភាពផ្ទៃក្នុងស្របតាមគោលនយោបាយរបស់លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីគឺ «យើងរួមគ្នាដើម្បីឧត្ដមភាព និងកិត្យានុភាព នៃវិជ្ជាជីវៈមេធាវី»។
ជាងនេះទៀតកម្មវិធីក៏បានបង្ខិតឱ្យកាន់តែជិតគ្នារវាងសមាជិក សមាជិកាគណៈមេធាវី ជាមួយនិងគណៈមេធាវីដូចក្នុងចំណុចមួយនៃគោលនយោបាយទាំង ៨ចំណុចរបស់ប្រធានគណៈមេធាវីដែលបានដាក់ចេញនាពេលកន្លងមក។
ជាមួយគ្នានេះដែរ លោកមេធាវី លី ច័ន្ទតុលា ក៏បានថ្លែងអំណរគុណ ចំពោះសហភាតា មេធាវីទាំងអស់ដែលតែងតែគោរព ស្រឡាញ់ គាំទ្រ ផ្ដល់សេចក្ដីទុកចិត្ដលើគោលនយោបាយនៃការគ្រប់គ្រង និងការដឹកនាំគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក។
សូមបញ្ជាក់ផងដែរថា ការប្រកាសសមាសភាពកីឡាករ កីឡាការិនីបាល់ទាត់គណៈមេធាវី និងការប្រកួតបាល់ទាត់មិត្ដភាពនាថ្ងៃនេះ ជាកម្មវិធីធំ ២ បន្ទាប់ពីកម្មវិធីប្រកួតកីឡាវាយសី «ពានរង្វាន់វាយសីគណៈមេធាវី» លើកទី១ ដែលបានប្រព្រឹត្ដទៅប្រកបដោយភាពជោគជ័យ កាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។ កម្មវិធីថ្ងៃនេះ បានប្រព្រឹត្ដិទៅដោយរលូន និងជោគជ័យ ប្រកបដោយបរិយាកាសរីករាយ ស្និតស្នាល និងសាមគ្គីភាពល្អ ក្នុងនាមវិជ្ជាជីវៈមេធាវី៕