(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកស្រី ដឹកនាំមន្ត្រីរាជការ ព្រមទាំងកងកម្លាំងទាំង៣ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌជាមួយបងប្អូនពុទ្ធបរិស័ទក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ តាមប្រពៃណីទំនៀមទំលាប់របស់ប្រជាជនខ្មែរ ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

ថ្លែងនៅក្នុងកម្មវិធីនេះលោក ងួន រតនៈ បានលើកឡើងថា បុណ្យភ្ជំបិណ្ឌដែលជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរ ដែលកាន់ សាសនាព្រះពុទ្ធ គោរពតាំងពីយូលង់ណាស់មកហើយ។ សម្រាប់ពិធីកាន់វេនបិណ្ឌនេះពុទ្ធសាសនាខ្មែរយើង បានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោជ ខែភទ្របទ ដល់ថ្ងៃ១៤រោជ ខែភទ្របទ រហូតដល់ថ្ងៃបុណ្យភ្ជំធំត្រូវថ្ងៃ១៥រោជ ខែភទ្របទ ដែលបងប្អូនពុទ្ធបរិស័ទប្រជាពលរដ្ឋ ដើម្បីមកជួបជុំបងប្អូនឪពុកម្ដាយ។

ជាចុងក្រោយលោក ងួន រតនៈ ក៏បានអំពាវនាវដល់ដល់ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទទាំងអស់ចូលរួម និងផ្សព្វផ្សាយឲ្យបានទៅលំទូលាយពីបុណ្យភ្ជុំបិណ្ឌជាបុណ្យប្រពៃណីរបស់ខ្មែរដើម្បីឲ្យក្មេងជំនាន់ក្រោយគាត់បានយល់កាន់តែច្បាស់។ សូមឱ្យឪពុកម្ដាយទាំងអស់ណែនាំកូនឲ្យចៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់ៗគ្នា ពិសេសពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើម្បីការពារអាយុជីវិតរបស់ខ្លួន៕